(កាតាឡាំង)៖ ក្លិបបាល់ទាត់អេស្ប៉ាញ FC Barcelona បានបង្ហាញមុខខ្សែប្រយុទ្ធចំណូលថ្មី Martin Braithwaite ដែលនាំមកពីក្លិប Leganes ស្ថិតនៅក្នុងក្របខណ្ឌលីគកំពូល LaLiga ដូចគ្នា ដោយមានកិច្ចសន្យារយៈពេល ៤ឆ្នាំ មានតម្លៃប្រមាណ ១៨លានអឺរ៉ូ និងមានតម្លៃផ្តាច់កិច្ចសន្យាចំនួន ៣០០លានអឺរ៉ូ។ នេះបើតាមការចេញផ្សាយដោយ Marca នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាក វ័យ ២៨ឆ្នាំខាងលើនេះ បានព្រមព្រៀងចុះកិច្ចសន្យាលេងឲ្យក្រុមខ្លាំងអេស្ប៉ាញ Barcelona រហូតដល់ឆ្នាំ២០២៤ ដែលការមកដល់របស់ Martin គឺជាការមកជំនួសកន្លែងដែលមានបញ្ហារបួសរបស់កីឡាករ Luis Suarez និង Ousmane Dembele ប្រើរយៈពេលព្យាបាលលើសពី ៥ខែ និងការចាកចេញរបស់ Carles Perez ក្នុងលក្ខណ្ឌខ្ចីជើងទៅកាប់ក្លិប Roma របស់អ៊ីតាលី។

Martin បានចាប់ផ្ដើមអាជីពបាល់ទាត់ដំបូងជាមួយក្លិប Esbjerg របស់ដាណឺម៉ាក ក្រោយមកបានផ្ទេរទៅកាន់ក្លិបបារាំង Toulouse និងបន្តទៅកាន់ Middlesbrough របស់អង់គ្លេស នៅឆ្នាំ២០១៧-២០១៩ ហើយក៏ផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លិបបារាំងវិញ Bordeaux ក្រោយបន្តខ្ចីជើងមកកាន់ក្រុម Leganes។

គិតត្រឹមពេលនេះ កីឡាករ Martin រកបាន ៨៥គ្រាប់ ក្នុងចំណោម ៣៤២ប្រកួត ដោយបច្ចុប្បន្នលេងបាន ២៧ប្រកួតជាមួយ Leganes ទាំងលីគ LaLiga និងពានលំដាប់ទី២ អេស្ប៉ាញ Copa del Rey និងរកបាន ៨គ្រាប់ទៀតផង៕