(ភ្នំពេញ)៖ ការប្រកួត Big Match ប្រចាំសប្ដាហ៍រវាងបឹងកេត និងវិសាខា បាននឹងកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ដ្បិតក្រុមទាំងពីរសុទ្ធតែជាក្រុមខ្លាំង ហើយត្រូវប្រឈរមុខដាក់គ្នាលើសមរភូមិវាលស្មៅនាកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ នៅម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី២២ ខែកុម្ភៈស្អែកនេះក្នុងជើងទី១ នៃលីគកំពូលកម្ពុជា។

មានហេតុផលជាច្រើនដែលធ្វើឲ្យការប្រកួតនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពិសេសផ្អែកលើប្រវត្តិជួបគ្នា ៤លើក ឈ្នះ១ ស្មើ២ និងចាញ់១ ដូចគ្នា ហើយរដូវកាលថ្មីនេះ ក្រុមខ្លាំងទាំងពីរបានចំណាយធនធានដ៏ច្រើន ដើម្បីពង្រឹងក្រុមត្រៀមប្រកួតប្រជែងក្របខណ្ឌលីគកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន លើកទី១៤។

ក្នុងនោះដែរមានហេតុផលសំខាន់ៗ ២យ៉ាងទៀត ដែលរួមចំណែកធ្វើឲ្យជំនួបរវាងក្លឹបដឹកនាំដោយប្រធានក្លឹបជាស្ដ្រីទាំងពីរ កាន់តែមានភាពទាក់ទាញ ទី១-ការដឹកនាំរបស់គ្រូបង្វឹកថ្មី និងទី២-ការប្រឈរមុខដាក់គ្នារវាងកីឡាករឆ្នើមៗរបស់ក្រុមទាំងពីរ ។

១-ពាក់ព័ន្ធគ្រូថ្មី៖ បឹងកេត និងវិសាខា សុទ្ធតែបានប្ដូរគ្រូថ្មីដូចគ្នា មុនជំនួបលើកទី៥ ដែលបឹងកេត ដឹកនាំដោយគ្រូជនជាតិថៃលោក Apisit Im Amphai និងវិសាខា ដឹកនាំដោយគ្រូជនជាតិអៀរឡង់ លោក Colum Curtis ដែលកាន់សញ្ញាបត្រកម្រិត A ទទួលស្គាល់ដោយ UEFA ។ គេចាំមើលតើលោកទាំងពីរ នឹងមានយុទ្ធសាស្ដ្រថ្មីអ្វី ដើម្បីនាំភាពរីករាយជូនអ្នកគាំទ្ររបស់ខ្លួន?

២-កីឡាករឆ្នើម៖ ក្រុមទាំងពីរ សុទ្ធជាក្រុមសម្បូរធនធានកីឡាករក្នុងស្រុកល្អៗ ពិសេសតំបន់ប្រយុទ្ធ ដោយបឹងកេតមាន ចាន់ វឌ្ឍនាកា, ម៉ាត់ នូរុណ និងសៀង ចន្ធា ជាដើម ខណៈវិសាខាមាន កែវ សុខផេង, រ៉ឹង ប៊ុនហៀង និង ច្រឹង ពលរដ្ឋ ជាដើម ហើយកីឡាករបរទេសវិញ ក៏មិនធម្មតាដែរ ។ ហេតុនេះ ទើបអ្នកគាំទ្រចង់ឲ្យការប្រកួតមកដល់ឆាប់ៗ នឹងបានថា កីឡាករណាខ្លះ អាចរកបានគ្រាប់បាល់ជ័យជម្នះ ក្នុងជំនួបដ៏សំខាន់នេះ?

គួរដឹងថា បឹងកេត និងវិសាខា បានជួបគ្នាលើកចុងក្រោយ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉ែនេះឯង ក្នុងជើងទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ខណៈលទ្ធផលកាលនោះ បានត្រឹមស្មើគ្នា ១-១ ។ បច្ចុប្បន្នបឹងកេត ទើបមាន ១ពិន្ទុក្នុងដៃប៉ុណ្ណោះ ក្រោយប្រកួតបើកឆាកស្មើអង្គរថាយហ្គឺរ ១-១ ផ្ទុយពីក្រុមវិសាខា ដែលមាន ៣ពិន្ទុពេញ បន្ទាប់ពីយកឈ្នះក្រុមនគរបាលជាតិ ២-១ ទាំងប្រផិតប្រផើយ កាលពីចុងសប្ដាហ៍មុន៕