(ក្រុងឡុងដ៍)៖ ក្រុមចចកខ្មៅ Wolverhamton Wanderer មានសង្ឃឹមខ្ពស់ក្នុងការឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃ ពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League ក្រោយអវត្តមានរយៈពេល ៤០ឆ្នាំមកនេះ បន្ទាប់ពីបំបាក់គូប្រជែងមកពីអេស្ប៉ាញ Espanyol ក្នុងលទ្ធផល ៤-០ នៃវគ្គ ៣២ក្រុម។

កីឡាករខ្សែបម្រើប្រយុទ្ធ Diogo Jota ធ្វើបានហែតទ្រីក (៣គ្រាប់) ម្នាក់ឯង កើនដល់ ៦គ្រាប់របស់គេ ក្នុងចំណោមលេងនៅ Europa League ២ប្រកួតចុងក្រោយនេះ ជាមួយនឹងមិត្តរួមក្រុម Ruben Neves រកបាន ១គ្រាប់ដែរនៅនាទីទី៥២។

Wolves គឺជាក្រុមទី៥ នៅ Europa League ដែលត្រូវបានគេចាប់អារម្មណ៍ខ្លាំង និងក៏ជាក្រុមទី៣ របស់អង់គ្លេសផងដែរ ដែលឡើងដល់វគ្គ ៣២ក្រុមនេះ ដែលមានសង្ឃឹមស្ទើរតែ ១០០%ឡើងទៅវគ្គបន្ត ដ្បិតត្រូវប៉ះម្ចាស់ផ្ទះ Espanyol ក្នុងជើងទី២ ទៀតនាខែក្រោយក៏ដោយ។

ប្រសិនបើធ្វើបានមែន ក្រុមកំពុងលេងនៅ Premier League ខាងលើនេះ នឹងត្រូវប៉ះក្រុមខ្លាំងអ៊ីតាលី Inter Milan គ្រាដែលក្រុមមួយនេះ (Inter) ក៏បានបំបាក់ម្ចាស់ផ្ទះ Ludgorets Razgrad ក្នុងលទ្ធផល ២-០ ជើងទី១ យប់មិញនេះដែរ៕