(ក្រុងឡុងដ៍)៖ លោក Ole Gunner Solskjaer ដែលជាអ្នកចាត់ការក្រុមបិសាចក្រហម Manchester United របស់ក្របខណ្ឌលីគកំពូលអង់គ្លេស បានលើកឡើងអំពីបញ្ហារបួសឆ្អឹងខ្នងរបស់ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford អាចនឹងខកខានការប្រកួតរបស់ Man Utd និងជម្រើសជាតិអង់គ្លេសក្នុងពាន Euro 2020 ថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយ 7msport នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

លោក Ole បានលើកឡើងថា Rashford ទទួលរបួសផ្នែកឆ្អឹងខ្នងយ៉ាងធ្ងន់ធ្ងរ គ្រាដែលក្រុមជម្រើសជាតិអង់គ្លេស ដែលមានអ្នកចាត់ការទូទៅលោក Gareth Southgate ក៏កំពុងជួបបញ្ហាផងដែរ ដោយពេលបច្ចុប្បន្នមានខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Tottenham Hotspur ក៏នៅតែមិនទាន់ជាពីរបួសនៅឡើយ ខណៈក្រុមតោកំណាចអង់គ្លេស ត្រូវប្រជែងជាមួយក្រុមក្រូអាតនៃព្រឹត្តិការណ៍ប្រចាំតំបន់អឺរ៉ុប Euro 2020 នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ខាងមុខ។

លោកបានបន្តទៀតថា សម្រាប់របួសឆ្អឹងខ្នងរបស់ Marcus Rashford ត្រូវបានពិនិត្យឃើញថា មានការបាក់យ៉ាងធ្ងន់ធ្ងរលើសពីអ្វីដែលបានរំពឹងទុក ហើយក៏សង្ឃឹមថាគេនិងអាចបានទៅលេងនៅ Euro តែបើពេលនៅមិនទាន់ជាបានល្អក៏មិនអាចទៅបានដែរ ហើយនេះក៏ជាពេលវេលាមួយសម្រាប់កីឡាករ Tammy Abraham, Callum Wilson និង Danny Ings ដែលកំពុងមានទម្រង់លេងនៅតំបន់ប្រយុទ្ធល្អក្នុងក្លិបនាពេលបច្ចុប្បន្ន៕