(បរទេស)៖ អ្នកផលិតខ្សែភាពឥណ្ឌារឿង «Minsara Kanna» បានធ្វើការចោទប្រកាន់ភាពយន្តល្បី ដែលទើបតែទទួលពានរង្វាន់ Oscar គឺរឿង «Parasite» របស់កូរ៉េខាងត្បូងថារំលោភកម្មសិទ្ធិបញ្ញា។ យ៉ាងណាមិញ កាលពីថ្ងៃទី១៨ ក្រុមហ៊ុនផលិតរឿង «Parasite» ក៏បានធ្វើការឆ្លើយតបដោយលើកឡើងថា ពួកគេមិនទាន់ទទួលបានព័ត៌មានណាមួយ ជុំវិញបញ្ហានេះនៅឡើយទេ។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន Soompi នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌា India Today បានរាយការណ៍ ដោយដកស្រង់សំដីរបស់ P.L Thenappan ជាអ្នកផលិតរឿង «Minsara Kanna» ដែលនិយាយថា «ខ្ញុំបានទស្សនារឿង Parasite របស់កូរ៉េខាងត្បូង ហើយខ្ញុំមានអារម្មណ៍ថា ពួកគេបានលួចចម្លងខ្សែភាពយន្ត Minasara Kanna។ ខ្ញុំក៏បាននិយាយជាមួយមេធាវីអន្តរជាតិ ហើយពិចារណាពីការដាក់ពាក្យបណ្តឹង ប្រឆាំងនឹងអ្នកផលិតរឿង Parasite ឆាប់ៗនេះ»។ ផលិតករឥណ្ឌា មិនបានបញ្ជាក់ទេ ថារឿង Parasite បានរំលោភកម្មសិទ្ធិបញ្ញាត្រង់ចំណុចណានោះ។

សារព័ត៌មាន TNM បានដកស្រង់សំដីរបស់ផលិតករឥណ្ឌាបន្ថែមថា ដែលលើកឡើងថា «ពួកគេបានលួចផ្នែកខ្លះៗនៃភាពយន្តរបស់យើង។ ពួកយើងបានរកឃើញថា ផ្នែកខ្លះៗនៃខ្សែភាពយន្តរបស់យើង ត្រូវបានបញ្ចូលក្នុងភាពយន្តរបស់ពួកគេ (Parasite)។ ជាមួយគ្នានេះដែរ វាជារឿងត្រឹមត្រូវ ដែលដាក់ពាក្យបណ្តឹងប្រឆាំងចំពោះបញ្ហានេះ»

ខ្សែភាពយន្តល្បីឆ្នាំ២០១៩ របស់កូរ៉េខាងត្បូង រឿង «Parasite» ដែលដឹកនាំដោយលោក Bong Joon Ho គឺនិយាយពី គ្រួសារក្រីក្រមួយស្វែងរកការងារធ្វើ ហើយក៏បានទៅធ្វើការឲ្យគ្រួសារអ្នកមាន។ សារព័ត៌មាន India Today បានសរសេរថា «ខណៈចំណុចនេះ គឺស្រដៀងនឹងរឿងរបស់ឥណ្ឌា «Minsara Kanna» ប៉ុន្តែគោលបំណងរបស់សាច់រឿងទាំងពីរគឺខុសគ្នាទាំងស្រុង»

យោងតាមសារព័ត៌មាន TNM បានដកស្រង់សំដីរបស់អ្នកដឹងនាំ K.S. Ravikumar ដែលនិយាយថា «ខ្ញុំរីករាយណាស់ ដែលរឿងមួយនេះ (Parasite) ទទួលបានពានរង្វាន់ Oscar ទោះបីជាវាមានបញ្ចូលគំនិតខ្លះពីរឿង Minsara Kanna ក្តី។ តែយ៉ាងណា ការសម្រេចពីរឿងដាក់ពាក្យបណ្តឹង គឺអាស្រ័យលើផលិតករ»

ឆ្លើយតបនឹងបញ្ហានេះ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុនផលិតរឿង «Parasite» CJ Entertainment បានផ្តល់បទសម្ភាសន៍ជាមួយកាសែត Maeil Business Newspaper’s Star Today ដោយលើកឡើងថា «ពួកយើងមិនមានការយល់ដឹងច្រើន ពីកម្មសិទ្ធិបញ្ញារបស់ភាពយន្តក្នុងប្រទេសឥណ្ឌាទេ។ មកទល់នឹងពេលនេះពួកយើងមិនទាន់ទទួលបានព័ត៌មានណាមួយជុំវិញបញ្ហានេះនៅឡើយទេ»