(ម៉ូនិច)៖ លោក Oliver Mintzlaff ដែលជាប្រធាបក្លិបបាល់ទាត់ RB Leipzig បានលើកឡើងថា មិនទាន់មានការផ្ទេរណាមួយកើតឡើងរបស់ខ្សែប្រយុទ្ធឆ្នើម Timo Werner នោះទេ គ្រាដែលបច្ចុប្បន្នមានក្លិបធំៗ២ចង់បានរួមមាន Bayern Munich និង Liverpool នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអាល្លឺម៉ង់ចេញនាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុមកំពូលអាល្លឺម៉ង់ Bayern Munich បាននឹងកំពុងតែស្វែងរកខ្សែប្រយុទ្ធជើងថ្មី ក្នុងគោលបំណងមកជំនួសខ្សែប្រយុទ្ធ Robert Lewandowski ដែលមានវ័យ ៣១ឆ្នាំនៅក្នុងក្របខណ្ឌ Bundesliga គ្រាដែល Werner នឹងទទួលបានកិច្ចសន្យារយៈពេលវែងជាមួយ Bayern ខណៈ Werner បានបង្ហាញទម្រង់លេងយ៉ាងជាមួយនឹងការរកបានគ្រាប់ស៊ុតរហូត ២៥គ្រាប់ក្នុង Bundesliga ក្នុងចំណោម ៣១ប្រកួត។

ជាមួយគ្នានោះ Bayern Munich ក៏ធ្លាប់បានបង្ហាញទឹកប្រាក់ប្រមាណ ២០លានផោនទៅកាន់ក្រុម RB Leipzig កាលពីទីផ្សារដោះដូរនារដូវក្តៅមុនផងដែរ។

កីឡាករវ័យ ២៣ឆ្នាំ Werner នឹងផុតកំណត់កិច្ចសន្យាជាមួយក្រុម Leipzig នាខែមេសា ឆ្នាំ២០២៣ ក្រោយពេលបានចំណាយពេលជាមួយក្រុមនេះចាប់តាំងពីឆ្នាំ២០១៦ ដែលនាំមកពីក្លិប Stuttgart ក្នុងតម្លៃប្រមាណតែ ១៤លានអឺរ៉ូប៉ុណ្ណោះ ហើយកីឡាករខាងលើនេះក៏ស្ថិតក្នុងគោលដៅរបស់ក្រុម Chelsea និង Manchester United ផងដែរ៕