(បរទេស)៖ អ្នកដឹកនាំរឿងជនជាតិចិន ដែលមកពីខេត្ត Hubei លោក Chang Kai បានស្លាប់ក្នុងវ័យ៥៥ឆ្នាំ ដោយសារវីរុស Covid-19។ ក្នុងរយៈពេលតែ១២ថ្ងៃប៉ុណ្ណោះ Covid-19 មិនត្រឹមតែសម្លាប់ជិវិតរបស់លោក Chang Kai ម្នាក់ទេ ថែមទាំងបានយកជីវិតសមាជិកគ្រួសាររបស់លោកចំនួន៣នាក់ថែមទៀតផង ក្នុងនោះមានឪពុកម្តាយរបស់លោក និងប្អូនស្រី។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន mothership នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

អ្នកដឹកនាំរឿងវ័យ ៥៥ឆ្នាំរូបនេះ បានស្លាប់ក្នុងមន្ទីពេទ្យមួយកន្លែងក្នុងស្រុក Huangpi ទីក្រុងអូហាន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ អំឡុងម៉ោង ៤៖៥០ នាទីល្ងាច ដោយសារវីរុស Covid-19។ បើយោងតាមផលិតកម្មបានឲ្យដឹងថា ឪពុករបស់លោក Chang Kai បានស្លាប់នៅផ្ទះ ដោយសារកូរ៉ូណាវីរុសប្រភេទថ្មីនេះ កាលពីថ្ងៃទី០៣ ខែកុម្ភៈ។ បន្ទាប់មកម្តាយរបស់លោក ក៏ត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យ Wuchang នៅថ្ងៃទី៤ ខែកុម្ភៈ តែជាអកុសលនៅតែមិនអាចសង្គ្រោះជីវិតបានឡើយ ដោយបានស្លាប់៤ថ្ងៃ ក្រោយបញ្ចូនទៅកាន់មន្ទីពេទ្យ។

ជាមួយគ្នានេះ ប្អូនស្រីរបស់ Chang Kai ក៏បានស្លាប់ក្នុងថ្ងៃ១៤ កុម្ភៈ ដូចលោកដែរ ទោះបីជាពួកគេនៅផ្ទះផ្សេងគ្នាក៏ដោយ។

គួរជម្រាបថា ប្រពន្ធរបស់លោក Chang Kai ក៏ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមាន ថាមានឆ្លងវីរុស Covid-19 ខណៈបច្ចុប្បន្នកំពុងស្ថិតក្នុងមន្ទីពេទ្យ។ ព្រោះតែកូរ៉ូណាវីរុស បានធ្វើឲ្យអ្នកដឹកនាំរឿងរូបនេះស្លាប់ចោលប្រពន្ធ និងកូនដែលកំពុងសិក្សានៅក្រៅប្រទេស ហើយបច្ចុប្បន្ននេះកូនរបស់លោកមិនត្រឡប់មកផ្ទះឡើយ ដោយសារតែវីរុសកូរ៉ូណា៕