(ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យចំនួយ៣ដួង ជាបងប្អូនបង្កើតនឹងគ្នា មានដូចជា លោក សុវត្ថិ មុន្នីវណ្ណ, ​សុវត្ថិ មុន្នីនាគ, និង​ សុវត្ថិ សេរីវុឌ្ឍ ដែលត្រូវបានគេស្គាល់ថា ជាកូនប្រុសរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានក្លាយជាអ្នកតំណាងផលិតផល របស់ក្រុមហ៊ុនតែគុជមួយប្រភេទ ឈ្មោះថា «ដាបូបា» មកពីតៃវ៉ាន់ ហើយត្រូវបានប្រកាសឲ្យដឹង នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ការប្រកាសឲ្យដឹងជាសាធារណៈ នូវតំណែងជាអ្នកតំណាងផលិតផលនេះ គឺក្នុងឱកាសបើកសម្ពោធហាងលក់តែគុជ «ដាបូបា» តាមបណ្ដោយផ្លូវកម្ពុជាក្រោម នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយមានវត្តមានតារាល្បីៗ និងភ្ញៀវកិត្តិយសចូលរួមអបអរសាទរ ជាច្រើននាក់។

តារាចម្រៀង លោក សុវត្ថិ មុន្នីវណ្ណ និងប្អូន២រូបទៀត បានសម្ដែងអារម្មណ៍​រំភើបរីករាយ នៅពេលពួកគេទទួលបានការចាប់អារម្មណ៍ រហូតជ្រើសរើសឲ្យក្លាយជាអ្នកតំណាងផលិតផលតែគុជ នាំចូលមកពីបរទេស។ សុវត្ថិ មុន្នីវណ្ណ បាននិយាយថា​​ ពួកគេទាំង៣ បានក្លាយជាអ្នកតំណាងផលិតផលជាបន្តបន្ទាប់ ក្រោយពីបានប្រឡូកក្នុងសិល្បៈ តាមរយៈការណែនាំរបស់ឪពុកខ្លួន និងទទួលបានការគាំទ្រច្រើន​ ជាពិសេសយុវវ័យ។ ការសម្រេចទទួលធ្វើជាអ្នកតំណាងផលិតផល​​​​ តែគុជ «ដាបូបា» មានរយៈពេលមួយឆ្នាំនេះ គឺដោយសារតែពួកគេ មើលពីគុណភាពរបស់តែគុជម៉ាក «ដាបូបា» មកពីតៃវ៉ាន់ មានឈ្មោះល្បី និងមានគុណភាពល្អ ត្រូវចិត្តយុវវ័យ និងជាភេសជ្ជៈមានច្រើនរសជាតិច្រើនជម្រើស ហើយពួកគេចូលចិត្តរសជាតិ ទាំងអស់តែនៃតែគុជនេះតែម្ដង។

ងាកមកការងារសិល្បៈវិញ ដើម្បីអបអរក្នុងឱកាសឆ្នាំថ្មីនេះ តារាចម្រៀងវ័យក្មេង សុវត្ថិ មុន្នីវណ្ណ, ​សុវត្ថិ មុន្នីនាគ, និង​ សុវត្ថិ សេរីវុឌ្ឍ បានត្រៀមចម្រៀងចំនួន៤បទ ដោយមានទាំងបទមនោសញ្ចេតនា និងបទសម្រាប់រាំលេងកម្សាន្ត​ ក្នុងនោះមានបទរួមគ្នា និងបទផ្សេងពីគ្នា។

សុវត្ថិ មុន្នីវណ្ណ, សុវត្ថិ មុន្នីនាគ និង​ សុវត្ថិ សេរីវុឌ្ឍ គឺកូនប្រុសទីបី របស់កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ ដែលបានក្លាយជាតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស រយៈពេលប្រមាណជាង១ឆ្នាំមកហើយ ដោយបានចេញនូវបទចម្រៀងជាច្រើនបទ មានទាំងបទមនោសញ្ចេតនា និងញាក់កន្រ្តាក់អារម្មណ៍ ហើយក៏សុទ្ធសឹងតែទទួលបានការគាំទ្រពីទស្សនិកជន ពិសេសយុវវ័យ៕