(ភ្នំពេញ)៖ តារាចម្រៀងប្រុសលោក ហង្ស សុវណ្ណារិទ្ធ ត្រូវបានគេដឹងថាជាម្ចាស់បទចម្រៀង «ទោះកូនគ្មានម្តាយក៏អាចរស់បាន» ខណៈចម្រៀងនេះ មានការគាំទ្រយ៉ាងខ្លាំងក្នុងសង្គម Youtube មានអ្នកចូលស្តាប់ជាង៣លានដងឯណោះ។ យ៉ាងណាមិញ ងាកមកជីវិតក្រៅឆាក របស់ម្ចាស់ចម្រៀងនេះវិញថា តើមានភាពល្បីល្បាញដូចចម្រៀងដែរឬយ៉ាងណា? ដើម្បីដឹងពីការពិតយ៉ាងណានោះ លោក ហង្ស សុវណ្ណារិទ្ធ នឹងចូលមកបង្ហាញក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ!

ជាការកត់សម្គាល់ លោក ហង្ស សុវណ្ណារិទ្ធ គឺជាតារាចម្រៀងមួយរូប ដែលមានទឹកដមសំនៀងពិរោះរណ្តំ ពេលបកស្រាយ ចម្រៀងបែបមនោសញ្ចេតនា ស្នេហាកម្សត់។ តារារូបនេះ ត្រូវបានមិត្តយុវវ័យ ដែលធ្លាប់បានទស្សនា MV ចម្រៀងរបស់លោកហើយ សរសើរមិនដាច់ពីមាត់ថា លោក សម្តែងបានសមជាមួយនឹងការដាក់មនោសញ្ចេតនាតាមបទចម្រៀង ដែលធ្វើឲ្យចម្រៀង ពីមួយបទទៅមួយបទ របស់លោកកាន់តែមានអ្នកគាំទ្រ កើនឡើងច្រើនជាបន្តបន្ទាប់។

យ៉ាងណាមិញ​ ជុំវិញរឿងក្រៅឆាករបស់លោកយ៉ាងណានោះ តារាប្រុសម្ចាស់បទ «ទោះកូនគ្មានម្តាយក៏អាចរស់បាន» រូបនេះ នឹងចូលមកបង្ហាញដល់ទស្សនិកជន ឲ្យបានជ្រាបកាន់តែច្បាស់ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា»។ កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅថ្ងៃសៅរ៍ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ៧៖០០ ដល់ម៉ោង ៨៖០០ យប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញនៅថ្ងៃអាទិត្យទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោងដដែល៕