(ប៊ែកឡាំង)៖ លោក Jurgen Klinsmann បានចុះចេញពីតំណែងជាអ្នកចាត់ការទូទៅនៃក្លិប Hertha Berlin ក្រោយដឹកនាំក្រុមលេងនៅ Bundesliga មួយនេះ បានតែ ១០សប្តាហ៍ប៉ុណ្ណោះក្នុងរដូវកាលឆ្នាំ២០១៩-២០២០ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងកិច្ចសន្យារហូតបញ្ចប់រដូវកាលនេះ។

បុរសវ័យ ៥៥ឆ្នាំ សញ្ជាតិអាល្លឺម៉ង់ Klinsmann បានលាលែងពីតំណែងគ្រូបង្វឹកពីក្រុម Hertha Berlin ដោយដឹកនាំក្រុមបាន ១០ប្រកួត រកបានជ័យជម្នះតែ ៣ប្រកួតប៉ុណ្ណោះ ដោយកំពុងឈរលេខរៀងទី១៤ បណ្តោះអាសន្ន ក្នុងតារាងពិន្ទុ Bundesliga ក្រៅពីចាញ់ ៤ដង និងស្មើ ៣ដង។ ក្នុងការចាកចេញនេះ លោកបានឲ្យដឹងថា« លោកមិនអាចនៅទីនេះបាន ក្រោយមិនមានការជឿទុកចិត្តពីអ្នកពាក់ព័ន្ធជាមួយក្លិបនោះ»។

សម្រាប់ប្រវត្តិរបស់លោក Klinsmann ធ្លាប់ជាអតីតកីឡាករខ្សែប្រយុទ្ធក្រុម Tottenham Hotspur, Inter Milan និង Bayern Munich និងបានដឹកនាំជម្រើសជាតិអាល្លឺម៉ង់នៅឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦ មុនប្តូរមកធ្វើជាអ្នកចាត់ការរបស់ក្លិបបាល់ទាត់អាជីពចាប់តាំងពីឆ្នាំ២០០៨ ដល់បច្ចុប្បន្ន៕