(ភ្នំពេញ)៖​​ អតីតតារាចម្រៀង ផលិតកម្មរស្មីហង្សមាស លោក នូ ស៊ិប ថ្មីៗនេះ ​ត្រូវបានអ្នកលេងបណ្តាញសង្គម មានការចែកចាយគ្នានូវរូបថតលោក ដេកធ្មេចភ្នែកពីមុខអាសនៈ ហើយមានព្រះសង្ឃមួយអង្គសូត្រធម៌ឲ្យ​​​ ទើបធ្វើឲ្យមានការលើកឡើងថា នេះប្រហែលជាជីវិតចុងក្រោយ របស់តារាចម្រៀងជើងចាស់នេះហើយ ព្រោះមើលទៅ លោកហាក់ធ្ងន់ធ្ងរខ្លាំង​ គឺស្តូកស្តឹងកម្រើកខ្លួនមិនបានតែម្ដង។

ប្រភពពីអ្នកលេងបណ្ដាញសង្គម Facebook បានចែករំលែកឲ្យដឹងថា លោកនូ ស៊ិប ​បានលេបថ្នាំ​​​​​​ ជាប្រចាំតាមជំងឺសរសៃរបស់លោក មិនដែលខានទេ។ ​ស្របពេលដែលលោកមានស្ថានភាពបានធូរស្បើយ លោកបានស្គាល់ព្រះសង្ឃមួយអង្គ និមន្តមកពីខេត្តសៀមរាប មកភ្នំពេញ ហើយលោកក៏និមន្តព្រះអង្គមកសូត្រធម៌ ប្រស់ព្រំឲ្យតែម្តងទៅ ហើយនៅពេលដែលលោកដេកឲ្យព្រះអង្កសូត្រធម៌​ហ្នឹង មានគេថតបង្ហោះ ហើយមើលទៅ​ ដូចជាលោកហ្នឹងធ្ងន់ខ្លាំង ងើបឡើងមិនរួចទេ តែតាមពិត មិនដល់ថ្នាក់ហ្នឹងទេ គឺពេលនេះលោកបានគ្រាន់បើ បន្តិចវិញហើយ​។

លោក នូ ស៊ិប អាយុ៧២ឆ្នាំ ​​បានធ្លាក់ខ្លួនឈឺដុំសរសៃជើង រយៈពេលជាង១០ឆ្នាំមកហើយ​ ​ពេលនេះស្ថានភាពសុខភាពលោកបានល្អប្រសើរជាងមុន ហើយកាលពីប៉ុន្មានថ្ងៃមុននេះ លោកត្រូវបានគេ អញ្ជើញទៅច្រៀងកម្មវិធីមួយ ជាមួយអ្នកនាង​ ម៉េង កែវពេជ្ជតា នៅក្បែរសណ្ឋាគារកាំបូឌីយ៉ាណា​ទៀតផង​។ ទោះជាយ៉ាងណា លោក នូ ស៊ិប ​ត្រូវគ្រូពេទ្យតម្រូវឲ្យលោកលេបថ្នាំ សរសៃជារៀងរាល់ថ្ងៃ គឺ១ខែ៣០ថ្ងៃ គឺមិនអាចខកខានបានឡើយ។

សូមបញ្ជាក់ថា លោកនូ ស៊ិប កំពុងនៅបន្ទប់ជួលមួយ ក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ តារាចម្រៀងជើងចាស់រូបនេះ គ្មានប្រពន្ធកូន និងកូននោះទេ ពោលគឺរស់នៅតែម្នាក់ឯង​។ រយៈកាលប៉ុន្មានខែមុន លោកពិតជាធ្វើទុក្ខក្នុងខ្លួនខ្លាំងមែន រហូតដល់សឹងទ្រាំមិនបានឡើយ ក្រោយពេលលេបថ្នាំ ជាប់គាំងនៅត្រឹមក៕