(ភ្នំពេញ)៖ នាដើមឆ្នាំ២០២០នេះ ខ្សែភាពយន្តបែបភ័យរន្ធត់ព្រឺព្រួច លាយឡំនឹងខ្លឹមសារអប់រំ រឿង «ថេកចុងក្រោយ» របស់ផលិតកម្ម LD បានធ្វើការបើកសម្ពោធដាក់បញ្ចាំងជាផ្លូវការហើយ នាល្ងាចថ្ងៃទី២២ ខែមករា ក្រោមវត្តមានចូលរួមយ៉ាងច្រើនកុះករពីសំណាក់ ម្ចាស់ផលិតកម្ម ផលិតករ អ្នកសិល្បៈល្បីៗ និងទស្សនិកជន ខណៈរឿងនេះ គឺជាស្នាដៃទី២របស់អ្នកនិពន្ធរឿងដ៏ល្បី គឺរឿង «នាឡិកាដាស់វិញ្ញាណ» ក្នុងផលិតកម្ម LD លោក នួន​ ម៉ូលីន។

ជាការពិតនាពេលកន្លងទៅ អ្នកនិពន្ធ វ័យក្មេង លោក នួន ម៉ូលីន បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្រោយ ពីលោកបាននិពន្ធភាពយន្តដែលទទួលបានការគាំទ្រខ្លាំងក្លា ពីសំណាក់ទស្សនិកជន គឺរឿង «នាឡិកាដាស់វិញ្ញាណ» រហូតទទួលពានរង្វាន់ច្រើនសន្ធឹកសន្ធាប់ ពីមហោស្រពភាពយន្តជាតិឆ្នាំ២០១៩ និងបានយកទៅចាក់បញ្ចាំងនៅឯក្រៅប្រទេសទៀតផង។ ដោយឡែកតាមរយៈការបញ្ចេញស្នាដៃ និងរសជាតិថ្មីបង្កប់ដោយខ្លឹមសារអប់រំស៊ីជម្រៅ នៅដើមឆ្នាំ២០២០នេះ លោកបានបញ្ចេញស្នាដៃថ្មីមួយទៀត ក្នុងផលិតកម្មដដែលគឺរឿង «ថេកចុងក្រោយ» ខណៈដែលរឿងថ្មីនេះ លោកសង្ឃឹមថា ទទួលបានការគាំទ្រច្រើនផងដែរ ពីសំណាក់ទស្សនិកជន។

អ្នកនិពន្ធរឿងល្បី «នាឡិកាដាស់វិញ្ញាណ» លោក នួន ម៉ូលីន បានថ្លែងឲ្យដឹងក្នុងកម្មវិធីប្រកាសសម្ពោធចាក់បញ្ចាំង ជាផ្លូវការនៃខ្សែភាពយន្តរឿង «ថេកចុងក្រោយ» ថានេះជាភាពយន្តទី២ ដែលលោកបានខិតខំនិពន្ធ ជាច្រើនខែមកហើយ មុនពេលត្រូវបានយកទៅផលិតចេញខ្សែជាភាពយន្ត ដែលមានគុណភាព។ ភាពយន្តនេះ បានឆ្លុះបញ្ចាំងពីថតភាពនៃសង្គមបច្ចុប្បន្នមួយចំនួន ដូចជាការប្រើប្រាស់ ពាក្យពេចន៍នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាដើម។

លោកនួន ម៉ូលីន បន្ថែមទៀតថា ក្រៅពីមានឈុតឆាកភ័យរន្ធត់ជាច្រើន ភាពយន្តនេះបានបង្កប់ដោយខ្លឹមសារអប់រំមួយចំនួនបន្ថែមទៀត ពិសេសទំនាក់ទំនងឆ្លុះបញ្ចាំង អប់រំឲ្យទស្សនិកជន យល់ពីការស្រលាញ់ក្នុងគ្រួសារ ដូចជាស្រលាញ់ឪពុកម្ដាយ ស្រលាញ់បងប្អូន ក្រៅពីការស្រលាញ់មិត្តភិក្ដជាសំខាន់តែម្ដង។

គួរបញ្ជាក់ថា ខ្សែភាពយន្តបែបភ័យរន្ធត់ញាប់ញ័រ រឿង «ថេកចុងក្រោយ» របស់ផលិតកម្ម LD មានការចូលរួមសម្ដែងដោយវត្តមានតារាល្បីៗជាច្រើនដួង រួមមានដូចជា លោក នូ ឧសភា កញ្ញា គង់ ច័ន្ទដាណែត កញ្ញា សាយ ច័ន្ទរាសី និងតារាជាច្រើនរូបទៀត។ រឿងនេះ នឹងធ្វើការចាក់បញ្ចាំងក្នុងរោងភាពយន្ត ចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះតទៅ៕