(ក្រុងឡុងដ៍)៖​ ក្រុមបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur រកបានជ័យជម្នះលើកដំបូងនៃលីគកំពូលអង់គ្លេស Premier League ក្នុងឆ្នាំថ្មី២០២០នេះ​ ក្រោមការដឹកនាំដោយលោក Jose Mourinho ដោយបានយកឈ្នះក្រុមបាតតារាង Norwich City ក្នុងលទ្ធផល ២-១ ដែលការប្រកួតនេះធ្វើឡើងនាថ្ងៃទី ២៣ខែមករា ឆ្នាំ២០២០ ក្នុងសប្តាហ៍ទី ២៤ជើងទី ២។

ការប្រកួតនាកីឡដ្ឋាន Tottenham Stadium ដែលមានអ្នកទស្សនាប្រមាណ ៥៨១៨២ នាក់ក្រុមលោក Mourinho អាចរកបាន ២គ្រាប់ពីការព្យាយាមធ្វើបានសម្រេចដោយកីឡាករ ២រូបក្នុងនោះខ្សែបម្រើឆ្នើម Dele Alli រកបាននៅនាទី ៣៨ ហើយមិត្តរួមក្រុមសញ្ជាតិកូរ៉េខាងត្បូង Son Heung min រកបាននៅនាទី ៧៦ ខណៈក្រុមភ្ញៀវ Norwich City តាមបាន ១គ្រាប់ដោយកីឡាករ Teemu pukki ដោយស៊ុតពិន័យ ១១ម៉ែត្របានសម្រេចនៅនាទី ៧០ក្រោយពេល Sessegnon បង្កកំហុសទៅលើកីឡាករ Aarons។

តាមលទ្ធផលនេះបានធ្វើឲ្យក្រុមលោក Jose Mourinho រកបាន ៣៤ពិន្ទុឈរនៅលេខរៀងទី ៦គិតត្រឹមសប្តាហ៍ទី ២៤ជើងទី ២នេះដោយស្មើពិន្ទុគ្នាជាមួយក្រុម Man Utd ដែលបានចាញ់ក្រុម Burnley ២-០និងក្រុម Wolverhampton ដែលត្រូវជួបក្រុមកំពូលតារាង Liverpool នារាត្រីថ្ងៃទី ២៤ខែមករានេះ៕