(សៀមរាប)៖ ពានរង្វាន់មិត្តភាពអន្ដរជាតិ Siem Reap Super Asia Cup រៀបចំដោយក្លឹបសៀមរាបយូណាយធីត សហការជាមួយ Bolabros និង Karki Jersi នឹងចាប់ផ្ដើមការប្រកួតនាល្ងាចថ្ងៃព្រហស្បត្តិនេះហើយ ស្របពេលតំណាងក្រុមភ្ញៀវ ២ក្រុម គឺក្លឹប PJ City FC មកពីម៉ាឡេស៊ី និងក្លឹប Bhayangkara FC មកពីឥណ្ឌូនេស៊ី សុទ្ធតែពេញចិត្ត ចំពោះការចូលរួមប្រកួតពាននេះ ។

លោក K.Devan គ្រូបង្វឹកក្លឹប PJ City FC បានលើកឡើងថា លោកបានដឹងពីការវិវត្តន៍ និងភាពរីកចម្រើន នៃវិស័យកីឡាបាល់ទាត់កម្ពុជាបច្ចុប្បន្ន ហេតុនេះលោករីករាយ ក្នុងការដឹកនាំក្រុមមកប្រកួតនៅទីនេះ ដើម្បីទទួលបានបទពិសោធន៍ថ្មី សម្រាប់ការត្រៀមរដូវកាលថ្មី ។ លើសពីនេះ លោកក៏មានសុទិដ្ឋិនិយមថា នៅអនាគតដ៏ខ្លីខាងមុខ លីគកំពូលកម្ពុជា និងម៉ាឡេស៊ី នឹងមានកម្រិតប្រកួតប្រជែងប្រហាក់ប្រហែលគ្នាទៀតផង ។

ដោយឡែកលោក Paul Munster គ្រូបង្វឹកក្លឹប Bhayangkara FC និយាយថា លោករីករាយ ចំពោះការចូលរួមប្រកួតពាននេះ ព្រោះវានឹងធ្វើឲ្យពួកគេមានការរៀបចំក្រុមកាន់តែល្អ សម្រាប់ត្រៀមរដូវកាលថ្មី ។ លើសពីនេះ លោករំពឹងថា ការមកស្នាក់នៅ និងបោះជំរំហ្វឹកហាត់នៅកម្ពុជា នឹងទទួលបានបទពិសោធន៍ និងផ្លែផ្កាល្អប្រសើរ សម្រាប់ក្រុមខ្លួនទៀតផង ។

ទន្ទឹមជាមួយគ្នា ក្រុមម្ចាស់ផ្ទះកម្ពុជា ២ក្រុម ក៏សុទ្ធតែរំពឹងទទួលបានផលចំណេញពីការប្រកួតពាននេះដែរ ជាក់ស្ដែងលោក Oriol Mohedano គ្រូបង្វឹកអង្គរថាយហ្គឺរ ថ្លែងថា វាជាការត្រៀមដ៏ល្អ សម្រាប់អង្គរថាយហ្គឺរ ដែលកំពុងធ្វើតេស្ដកីឡាករថ្មីៗ ។ ដូច្នេះការចូលរួមប្រកួតពាននេះ ក៏មិនខុសពីការប្រកួត Pre-Season កន្លងមកដែរ លោករំពឹង នឹងធ្វើឲ្យក្រុមកាន់តែប្រសើរ សម្រាប់ត្រៀមរដូវកាលថ្មី ។

ឯលោក Colum Curtis គ្រូបង្វឹករបស់វិសាខា បានបង្ហាញការរីករាយ ដែលក្លឹបសៀមរាបយូណាយធីតបង្កើតពាននេះឡើង ផ្ដល់ឱកាសឲ្យក្លឹបនៅកម្ពុជា បានធ្វើការប្រកួតប្រជែងជាមួយក្លឹបក្រៅស្រុក ពិសេសក្លឹបខ្លាំងមកពីឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ។ តែយ៉ាងណាលោកថា មិនទាន់ផ្ដោតលើលទ្ធផលប៉ុន្មានទេ ដ្បិតលោកជាគ្រូថ្មី ត្រូវការពេលវេលាស្វែងយល់ពីកីឡាករ និងក្រុមឲ្យបានច្រើន មុនរដូវកាលថ្មីមកដល់ ។

ចំពោះកម្មវិធីប្រកួតថ្ងៃនេះក្រុមអង្គរថាយហ្គឺរ ត្រូវប៉ះក្លឹប PJ City FC នាម៉ោង ៤ល្ងាច ខណៈថ្ងៃស្អែក វិសាខា នឹងត្រូវជួបក្លឹប Bhayangkara FC នៅម៉ោងដូចគ្នា នាកីឡដ្ឋាន SRU Stadium ។ ការប្រកួតនេះ សម្រាប់ក្រុមឈ្នះ នឹងបានឡើងជួបគ្នាដណ្ដើមជើងឯក នាថ្ងៃទី២៦-មករា ខណៈក្រុមចាញ់ នឹងត្រូវជួបគ្នាដណ្ដើមលេខ៣ នៅថ្ងៃទី២៥-មករាខាងមុខ៕