(ភ្នំពេញ)៖​ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានចាត់ទុកជ័យជម្នះ ៤-១ លើក្រុមឡាវ Master 7 កាលពីល្ងាចមិញ គឺជាលទ្ធផលល្អមួយ តែលោកហាក់មិនសូវពេញចិត្ត ចំពោះទម្រង់លេងនោះទេ បន្ទាប់ពីលោកបានមើលឃើញចំណុចខ្វះខាត ការគ្រប់គ្រងការប្រកួតទាំងមូលមិនបានល្អដូចសព្វដង ។

គ្រូបង្វឹកជនជាតិអៀរឡង់រូបនេះ បាននិយាយថា «បន្ទាប់ពីចប់វគ្គទី១ យើងទទួលបានលទ្ធផលល្អជាង តែក្រោយចប់ការប្រកួត ៩០នាទី Master 7 បានបង្កើតឱកាសច្រើនវិញ ចឹងយើងត្រូវមានការខំប្រឹងបន្ថែម ដើម្បីរក្សាលទ្ធផលល្អនៅជើងទី២...។ យើងរកបាន ៤គ្រាប់ជាចំណុចល្អ តែយើងទទួលស្គាល់តំបន់ប្រយុទ្ធ ត្រូវតែមានការកែប្រែបន្ថែម ហើយយើងជឿថា យើងមានចំណុចកាន់តែពិសេស នាប្រកួតក្រោយ»

ពាក់ព័ន្ធការប្រកួតជើងទី១ នេះដែរលោកបន្ដថា «ការប្រកួតថ្ងៃនេះ(ថ្ងៃទី២២-មករា) គឺខ្វះការគ្រប់គ្រងការប្រកួតទាំងមូល ដូចការប្រកួតក្នុងលីគ យើងគ្រប់គ្រងការប្រកួតទាំងមូល មានន័យថា គូប្រកួតលេងតាមរបៀបយើងលេង តែថ្ងៃនេះ ទោះលទ្ធផលល្អ តែការបង្ហាញទម្រង់លេងជារួម គឺពុំទាន់ល្អប្រសើរនោះទេ យើងត្រូវការពង្រឹងបន្ថែមទៀត»

បន្ទាប់ពីរកបានជ័យជម្នះ ដោយទទួលបានគ្រាប់បាល់ចំណេញ ៣គ្រាប់ក្នុងដី ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវចេញទៅតតាំងជាមួយក្រុមជើងឯករងលីគកំពូលឡាវ Master 7 នៅលើទឹកដីឡាវម្ដង នាថ្ងៃទី២៩ ខែមករាខាងមុខ ដែលជាការប្រកួតកាត់សេចក្ដី ដើម្បីកំណត់ក្រុមខ្លាំងឡើងទៅបង្គ្រប់កៅអីពូល G ដែលមាន ៣ក្លឹបកំពុងរង់ចាំ រួមមានក្លឹប Ceres Negros របស់ហ្វីលីពីន ក្លឹប Than Quang Ninh របស់វៀតណាម និងក្លឹប Bali United របស់ឥណ្ឌូនេស៊ី៕