(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមជើងឯករងលីគកំពូលឡាវ Master 7 ដោយលទ្ធផល ៤-១ ក្នុងជំនួបជើងទី១ នៃវគ្គជម្រុះពានរង្វាន់ AFC Cup 2020 ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច នៅពហុកីឡដ្ឋានជាតិ។

ជាមួយការប្រកួតក្នុងដីនេះ ព្រះខ័នរាជស្វាយរៀង បានបើកការនាំមុខក្រុមភ្ញៀវ ២-១ មុន ដែល ២គ្រាប់របស់ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ធ្វើសម្រេចដោយកីឡាករ ហួយ ផល្លីន និងកីឡាករ Privat ស្របពេល ១គ្រាប់របស់ក្រុម Master 7 រកបានដោយអតីតកីឡាករគិរីវង់សុខសែនជ័យ Souleymane Coulibaly ។

ចូលវគ្គទី២ ក្រុមជើងឯកលីគកំពូលកម្ពុជា នៅតែបន្ដការដាក់សម្ពាធលើក្រុម Master 7 រហូតរកបាន ២គ្រាប់បន្ថែម ដែលធ្វើសម្រេចដោយកីឡាករ Privat នៅនាទី៦១ និងកីឡាករ ហួយ ផល្លីន នៅនាទី ៦៩ មុនបញ្ចប់ការប្រកួតពេញម៉ោង ក្រុមលោក Conor Nestor ឈ្នះក្រុមជើងឯករងលីគកំពូលឡាវ ៤-១ ។

ជាមួយជ័យជម្នះនេះដែរ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង កក់កៅអីវគ្គចែកពូលបណ្ដោះអាសន្ន តែត្រូវចាំអ៊ុតលទ្ធផលប្រកួតជើងទី២ នៅលើទឹកដីឡាវ នាថ្ងៃទី២៩-មករា ដើម្បីកាត់សេចក្ដី ។ ប៉ុន្ដែបើសិនព្រះខ័នរាជស្វាយរៀង រក្សាលទ្ធផលល្អនេះបាន ពួកគេនឹងត្រូវឡើងទៅវគ្គចែកពូល ដោយស្ថិតក្នុងពូល G ជាមួយក្លឹប Ceres Negros របស់ហ្វីលីពីន ក្លឹប Than Quang Ninh របស់វៀតណាម និងក្លឹប Bali United របស់ឥណ្ឌូនេស៊ី៕