(ភ្នំពេញ)៖ ការសម្រុកហ្វឹកហាត់ខ្លាំងដល់ទៅ ៨ពេលក្នុង ១សប្ដាហ៍ គឺជាយុទ្ធសាស្ត្ររបស់លោក មាស ចាន់ណា គ្រូបង្គោលក្លឹបបាល់ទាត់ណាហ្គាវើល រាល់ពេលត្រៀមរដូវកាលថ្មីម្ដងៗដែលលោកចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំ២០១៦ មកទល់បច្ចុប្បន្ន។

លោក ចាន់ណា បានរៀបរាប់ថា «ក្នុងការត្រៀមមុនរដូវកាលថ្មី យើងត្រៀម ៦សប្ដាហ៍ ដោយហាត់ ៨ពេលក្នុង ១សប្ដាហ៍ ថ្ងៃ៥ពេល និងព្រឹក ៣ពេល ហើយថ្ងៃសៅរ៍មានប្រកួតតសមជើងទៀត។ ខ្ញុំចាប់ហាត់ខ្លាំងនេះតាំងពី២០១៦ មក លើកលែងតែឆ្នាំ២០១៩ ដែលយើងត្រៀម AFC Cup។ យើងចង់ឲ្យកីឡាករយើងល្អព្រមៗគ្នា»

គួរដឹងផងដែរថា លទ្ធផលមិត្តភាពមិនសូវគាប់ប្រសើរនាពេលកន្លងមក លោក មាស ចាន់ណា អះអាងមិនបារម្ភឡើយ ព្រោះលោកបានផ្លាស់ប្ដូរសមាសភាពច្រើនពីមួយប្រកួតទៅមួយប្រកួត ដើម្បីឲ្យកូនក្រុម ជាពិសេសក្មេងៗបានសមជើងមុនរដូវកាលថ្មីមកដល់។ ក្រុមលោក មាស ចាន់ណា ក៏កំពុងធ្វើតេស្ដសមត្ថភាពកីឡាករថ្មីៗមួយចំនួនទាំងក្នុងស្រុក និងបរទេសផងដែរ។

គ្រូបង្វឹកកាន់សញ្ញាបត្រ A-License បញ្ជាក់ថា ៦សប្ដាហ៍មុនចាប់ផ្ដើមរដូវកាលថ្មី លោកតែងតែបង្ហាត់កូនក្រុមយ៉ាងខ្លាំងក្លា ទាំងកាយសម្បទា និងបច្ចេកទេស ដើម្បីឲ្យពួកគេល្អដូចៗគេ។

សូមបញ្ជាក់ថា ណាហ្គាវើលបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ នៃក្របខណ្ឌកំពូលកម្ពុជារដូវកាលឆ្នាំ២០១៩។ នៅសប្ដាហ៍ទី១ របស់ណាហ្គា នឹងជួបប្រកួតជាមួយនគរបាលជាតិ បើកឆាកលីគកំពូលកម្ពុជា ឆ្នាំ២០២០ នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ៕