(សេអ៊ូល)៖ ចាប់តាំងពី Wendy រងគ្រោះថ្នាក់កាលពីចុងឆ្នាំ២០១៩ អំឡុងពេលហាត់សមលើឆាក SBS រួចមក ក្រុមអ្នកគាំទ្រនៅតែមិនទាន់បញ្ឈប់​ការទាមទារយុត្តិធម៌ជូនតារាស្រីរូបនេះ។ ឆ្លើយតបនឹងការទាមទាររបស់អ្នកគាំទ្ររបស់ Wendy ពេលនេះប៉ូលិសបានបើកការស៊ើបអង្កេតតែម្តង ដើម្បីដឹងពីការពិតក្រោយគ្រោះថ្នាក់របស់ Wendy។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Koreaboo នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

ជាការកត់ស្គាល់ កាលពីខែធ្នូ ឆ្នាំ២០១៩ អំឡុងពេលហាត់សម Wendy បានធ្លាក់ពីលើឆាកកម្ពស់ ២.៥ម៉ែត្រ និងបានបញ្ចូនទៅមន្ទីពេទ្យភ្លាម។ ក្រោយទទួល​ការពិនិត្យពីក្រុមគ្រូពេទ្យ នាងរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចំមុខ បាក់ឆ្អឹងត្រគាក និងកដៃនៅផ្នែកខាងស្តាំផងដែរ។ ខណៈគ្រោះថ្នាក់នឹកស្មានមិនដល់នេះ បានធ្វើឲ្យនាងខកខានកម្មវិធី La Rouge នៅជប៉ុន។

ដោយមានការរិះគន់យ៉ាងចាស់ដៃពីមហាជនចំពោះការរៀបចំរបស់ SBS និងអ្នកគាំទ្រទាមទារយុតិ្តធម៌ជូន Wendy ពេលនេះប៉ូលីសសេអ៊ូលបានបើកការស៊ើបអង្កេត រកមូលហេតុនៃគ្រោះថ្នាក់នេះ និងតាមរក​អ្នកទទួលខុសត្រូវលើ​សុវត្ថិភាពរបស់សិល្បករសិល្បៈការនី ហើយករណីនេះអាចនឹង​ទាក់​ទងដល់ SBS ពីបទធ្វេសប្រហែស​ បង្កឱ្យមានគ្រោះថ្នាក់​ដល់រាងកាយធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៣០ថ្ងៃ ឬ​ពិន័យ​ជាប្រាក់ផងដែរ៕