(ភ្នំពេញ)៖ ក្លឹបបាល់ទាត់វិសាខា បានចាប់ផ្ដើមសាងសង់កន្លែងអង្គុយបន្ថែមនៅកីឡដ្ឋានរបស់ខ្លួនទៀតហើយ ដើម្បីត្រៀមស្វាគមន៍កំណើនអ្នកគាំទ្រនារដូវកាលថ្មី។ នេះបើតាមការបញ្ជាក់របស់លោក រ៉ា នូវិបុត្រ CEO របស់ក្លឹបជើងឯករងឆ្នាំចាស់នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩។

លោក រ៉ា នូវិបុត្រ បានបញ្ជាក់ថា ការធ្វើកន្លែងអង្គុយថ្មីនេះ គឺបែងចែកជា ២ដំណាក់កាល ទី១-សាងសង់កន្លែងអង្គុយធំ ទល់មុខកន្លែងធ្វើហើយបច្ចុប្បន្ន ហើយទី២-សាងសង់នៅមុខផ្ទាំង LED។ លោករំពឹងថា ក្រោយសាងសង់រួច កីឡដ្ឋានមានមូលដ្ឋាននៅហ្គ្រេនភ្នំពេញនេះ នឹងអាចផ្ទុកអ្នកទស្សនាជាង ១ម៉ឺននាក់។

បន្ថែមលើការពង្រីកកន្លែងអង្គុយនេះដែរ វិសាខា ក៏បាននឹងកំពុងកែប្រែមុខមាត់ថ្មីនៃកីឡដ្ឋានរបស់ខ្លួន តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ ដូចជាការបំពាក់ប្រព័ន្ធបាញ់ទឹកស្មៅស្វ័យប្រវត្តិ កន្លែងហាត់ប្រាណ បន្ទប់ទុកដាក់ និងថែរក្សាស្បែកជើងកីឡាករជាដើម។ CEO ខាងលើបញ្ចាក់បន្ថែម៕