(ភ្នំពេញ)៖ ជារឿងមួយដ៏គួរឲ្យចាប់អារម្មណ៍ ខណៈដែលផលិតករភាពយន្តរឿង «ដើម្បីកូន» លោក ហ៊ុយ យ៉ាឡេង បានប្រកាសដាក់លក់ស៊ីក្លូ ដែលមានអាយុកាល៨០ ឆ្នាំ១គ្រឿង ក្នុងតម្លៃ១លានដុល្លារអាមេរិក ដោយថវិកាទាំងអស់ ដែលទទួលបានពីការលក់នេះ នឹងបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា។

ផលិតករល្បីឈ្មោះ លោក ហ៊ុយ យ៉ាឡេង បានថ្លែងឲ្យដឹងថា ស៊ីក្លូនេះគឺមានអាយុកាល៨០មកហើយ លោកបានទិញពីសមាគមស៊ីក្លូក្នុងតម្លៃ៥០០ដុល្លារអាមេរិក ហើយក៏បាន ធ្វើការជួសជុលអស់ថវិកាប្រមាណ១ពាន់ដុល្លារអាមេរិកបន្ថែមទៀត ដើម្បីយកមកថតភាពយន្តមួយ ដែលដកស្រង់ពីជីវិតពិត​របស់បុរសពោះម៉ាយពិកាជើង មានកូនពីរនាក់រស់នៅរបងវត្ត និងតស៊ូធាក់ស៊ីក្លូចិញ្ចឹមកូន និងជួបរឿងរ៉ាវជីវិតកម្សត់ជាច្រើន។ លោកថា ក្រោយពីទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា កាលពីពេលកន្លងទៅលោកចាប់ផ្តើម នឹកគិតរកវិធីអ្វីដើម្បីជួយដល់មន្ទីរពេទ្យនេះ ប៉ុន្តែលោកថាក្នុងមួយជីវិតនេះ លោកមិនសង្ឃឹមថានឹងមានលុយ១លានដុល្លារ ទើបលោកសម្រេចចិត្តធ្វើរឿងមួយនេះឡើង។

លោកបន្តថា ការប្រកាសលក់ស៊ីក្លូក្នុងតម្លៃនេះ អាចនឹងចម្លែកសម្រាប់កម្ពុជា ប៉ុន្តែសម្រាប់ប្រទេសជឿនលឿនគឺមិនចម្លែកទេ។ ក្នុងន័យនេះ លោកមិនសំដៅទៅលើការលក់ ឲ្យបុគ្គលណាម្នាក់ទេ សំខាន់ពួកគាត់ មានទឹកចិត្តជួយដល់មន្ទីរពេទ្យ ដែលកំពុងព្យាបាលជំងឺកុមារកម្ពុជាក្នុង១ថ្ងៃប្រមាណ១ពាន់នាក់ និងប្រើប្រាស់ថវិកាប្រមាណ១១ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ លោកសន្យាថាលោកនឹងអរគុណសប្បុរសជនដែលទិញស៊ីក្លូចំណាស់នេះ អស់មួយជីវិត នៅរាល់ស្នាដៃដែលលោកផលិត រួមទាំងរៀបចំកម្មវិធីដង្ហែជូនដល់គេហដ្ឋានតែម្តង។

លោកថាការប្រកាសនេះ ក៏ជាការបំផុសគំនិត ឲ្យមានការជួយដល់មន្ទីរពេទ្យមួយនេះ។ នៅកម្ពុជា មានសប្បុរសជនជាច្រើន ដែលមានលទ្ធភាព ដែលអ្នកខ្លះមានថវិការហូតដល់៥០០លានដុល្លារអាមេរិក ដល់១ពាន់លានដុល្លារអាមេរិក ហើយបើទោះបីជា មិនមានសប្បុរសជនណាទិញវានៅពេលនេះក្តី ក៏លោកនៅតែបន្តប្រកាសលក់ជារៀងរហូត។

គួរបញ្ជាក់ថា ភាពយន្តបែបអប់រំ កម្សត់ និងការតស៊ូរឿង «ដើម្បីកូន»របស់ផលិតកម្ម «កថាជ័យ» គ្រោងនឹងផ្ដើមចាក់បញ្ចាំងផ្លូវការ​នៅតាមរោងភាពយន្តទំនើបនានានៅភ្នំពេញ និងបណ្ដាខេត្តចាប់ពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០នេះតទៅ។ ផលិតករភាពយន្តនេះ​គ្រោងនឹងកាត់ប្រាក់ចំណេញពីការចាក់បញ្ចាំងភាពយន្តនេះចំនួន១០ភាគរយ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕