(ម៉ាឌ្រីដ)៖ នៅពេលនេះក្លឹបបាល់ទាត់អេស្ប៉ាញ Real Madrid បានសម្រេចក្នុងការនាំយកកីឡាករចំណូលថ្មី ដែលជាខ្សែបម្រើអន្តរជាតិប្រេស៊ីល Reinier Jesus មកពីក្លឹប Flamengo ក្នុងតម្លៃប្រមាណ ២៦លានផោនដែលស្ថិតក្រោមការដឹកនាំរបស់លោក Zinedine Zidane នៃលីគកំពូល LaLiga។

យោងតាមការចេញផ្សាយដោយ Marca នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នេះ ខ្សែបម្រើវ័យ ១៨ឆ្នាំ Reinier Jesus ក៏ស្ថិតជាកីឡាករចំណូលថ្មីក្នុងចំណោមការនាំយករបស់អ្នកចាត់ការទូទៅ Zinedine Zidane ដែលបានចំណាយទឹកបា្រក់ប្រមាណ ១៣៤លានអឺរ៉ូ បន្ទាប់ពីនាំចូលកីឡាករវ័យក្មេងចំនួន ៦នាក់រួចមកហើយកាលពីប៉ុន្មានឆ្នាំមកនេះ ហើយរូបគេក៏ស្ថិតក្នុងបញ្ជីឈ្មោះកីឡាករយុវជន Real Madrid ផងដែរ។

Jesus នឹងមានកិច្ចសន្យារយៈពេល ៦ឆ្នាំជាមួយ Real Madrid ក្រោយពីបានក្លាយជាកីឡាករឈុនធំរបស់ក្លឹបប្រេស៊ីល Flamengo កាលពីថ្ងៃទី៣១ ខែកក្កដានារដូវកាលមុន និងជាបេក្ខភាពលើកពានរង្វាន់ Copa Libertadores ដោយបានបង្ហាញខ្លួននៅទឹកដីប្រទេសកាតា នៃការប្រជែងពានរង្វាន់ FIFA Club World Cup និងជាកីឡាករវ័យក្មេងដែលរកបានគ្រាប់បាល់ច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ Dubai Under 16 World Cup 2018 ថែមទៀតផង៕