(ប៉ារីស)៖ ក្លឹបយក្សអេស្ប៉ាញ Atletico Madrid កាន់តែខិតជិតក្នុងការយកបានខ្សែប្រយុទ្ធ Edinson Cavani មែនទែនហើយ ដ្បិតកិឡាករអ៊ុយរ៉ាហ្គាយរូបនេះស្នើសុំចាកចេញពីក្លឹបបារាំង Paris Saint-Germain។

កៅអីរបស់កីឡាករវ័យ ៣២ឆ្នាំ Cavani កាន់តែចង្អៀត និងបង្ខំចិត្តអង្គុយកៅអីបម្រុងញឺកញាប់ ក្រោយការមកដល់របស់ខ្សែប្រយុទ្ធដូចគ្នា Mauro Icardi ជាលក្ខណៈខ្ចីជើងទីក្លឹប Inter Milan របស់អុីតាលី។

Cavani បានកំពុងតែកាន់កំណត់ត្រាក្នុងនាមកីឡាកររកគ្រាប់ស៊ុតច្រើនជាងគេនៅ PSG ដែលមានដល់ទៅ ១៩៨គ្រាប់ គិតចាប់តាំងពីបានចូលរួមជាមួយក្លឹបនេះកាលឆ្នាំ២០១៣ កន្លងទៅ ក្រោយចាកចេញពីទឹកដីនៃប្រទេសអ៊ីតាលី ក្នុងក្លឹបពពកស Napoli។

ទន្ទឹមគ្នានោះដែរ អ្នកចាត់ការទូទៅ Thomas Tuchel មានបំណងទុក Cavani ដើម្បីបន្តលេងនៅ Parc des Princes ដដែល ក្នុងការជួយក្លឹបជាបន្តទៀត តែក្លឹបក៏គោរពទៅតាមការសម្រេចចិត្តរបស់កីឡាករគ្រប់រូបផងដែរ៕