(ភ្នំពេញ)៖ លោក ស៊ុំ វណ្ណា ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្លឹបភ្នំពេញក្រោន ពេញសិទ្ធិជាផ្លូវការ ក្រោយបុរសវ័យ ៣៩ឆ្នាំរូបនេះ បានសាងស្នាដៃនារដូវកាលដំបូង ដោយជួយឲ្យក្រុមទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៩ និងបញ្ចប់ចំណាត់ថ្នាក់លេខ៦ ក្នុងលីគកំពូលកម្ពុជា។

អ្វីដែលសំខាន់ផងនោះ លោក ស៊ុំ វណ្ណា បានចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន កាលឆ្នាំ២០១៩ ក្នុងនាមជាជំនួយការគ្រូបង្វឹក និងបានប្រកាសតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នជំនួសលោក Leonardo Vitorino កាលពីខែឧសភា បន្ទាប់ពីបញ្ចប់តំណែងគ្រូបង្វឹកជនជាតិប្រេស៊ីល Leonardo។ ខណៈប្រកួតដំបូងក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន លោកបានដឹកនាំក្រោន ទទួលបានជ័យជម្នះ ៣-០ ទៅអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា គ្រូបង្វឹកបណ្តោះអាសន្នស្ទើរពេញមួយរដូវកាលឆ្នាំ២០១៩ លោក ស៊ុំ វណ្ណា បានដឹកនាំក្រុមចំនួន ២៥ប្រកួត ឈ្នះ១៦ ស្មើ៤ និង៥ គ្រប់ការប្រកួតពានរង្វាន់ទាំងអស់ (លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន)៕