(ភ្នំពេញ)៖ បទចម្រៀងដែលមានចំណងជើងថា «បើបងបាត់ការចងចាំ» គឺប្រាកដជាមានទស្សនិកជនច្រើនហើយដែលធ្លាប់ស្តាប់ ព្រោះក្នុងបណ្តាញ Youtube ចម្រៀងមួយបទនេះទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន ហើយចម្រៀងមួយនេះហើយ ដែលធ្វើឲ្យលោក ប៊ូ តាំងហ៊ាង ដែលជាម្ចាស់បទនេះផ្ទាល់ ទទួលបានការគាំទ្រ និងមានទស្សនិកជន ស្គាល់លោកច្រើន។ យ៉ាងណាមិញ តាមរយៈការចូលរួមធ្វើជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ម្ចាស់បទ«បើបងបាត់កាត់ចងចាំ» លោក ប៊ូ​ តាំងហ៊ាង បានទម្លាយឲ្យដឹងថា បទដែលធ្វើឲ្យលោកល្បី «បើបងបាត់ការចងចាំ» គឺជាបទបង់រំលោះ បង់រំលោះបទភ្លេងនិងទំនប់ច្រៀងឲ្យអ្នកនិពន្ធ ពោលគឺ ដោយសារតែជីវភាព មិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផលិតជាបទចម្រៀង ទើបលោកដាច់ចិត្តធ្វើការបង់រំលោះចម្រៀងមួយនេះ។

ថ្លែងតាមរយៈការសាកសួរ ពីសំណាក់ពិធីករ ពិធីការនី ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News លោក ប៊ូ តាំងហ៊ាង បានលើកឡើងថា បច្ចុប្បន្នទស្សនិកជនស្គាល់លោកច្រើន តាមរយៈបទចម្រៀងមួយបទដែលមានចំណងជើងថា «បើបងបាត់ការចង់ចាំ» អាចនិយាយបានថា ចម្រៀងមួយបទនេះ គឺជាបទកម្សត់ ដែលដក់ជាប់នៅក្នុងបេះដូងនៅក្នុងចិត្តលោកខ្លាំង ព្រោះថាទម្រាំបានចេញជាបទចម្រៀងមួយបទនេះឡើង ពីមុនមកគឺលោកមិនមានថវិកាគ្រប់គ្រាន់ដើម្បីផលិតជាបទចម្រៀង Original Song នោះទេ ប៉ុន្តែដោយសារតែមានការជួយជ្រោមជ្រែងពីសំណាក់ អ្នកធ្វើបទចម្រៀងដែលស្គាល់គ្នា គឺលោកសក្កដា ក៏បានផលិតជាបទចម្រៀង «បើបងបាត់ការចងចាំ» មួយនេះ​ឲ្យលោក ហើយលោកក៏ចាប់ផ្ដើមហាត់សមនៅចម្រៀងមួយនេះ នឹងបានសន្សំថវិការដែលខ្លួនរកបានពីការចេញទៅសម្ដែងនៅតាមបណ្ដាខេត្តផ្សេងៗ យកទៅបង់រំលោះបទនេះ បន្តិចម្ដងៗឲ្យអ្នកផលិត។

លោកបន្តថា បន្ទាប់ពីផលិតចេញជាអត្ថន័យចម្រៀងហើយ លោកត្រូវសន្សំថវិកា ដើម្បីទិញភ្លេងមួយតង់ទៀត សរុបទៅទម្រាំបានចេញជាបទចម្រៀងនេះ គឺលោក មានការតស៊ូច្រើនខ្លាំង និងលះបង់ច្រើន ព្រោះបទ «បើបង់បាត់ការចងចាំ» ទាំងអត្ថន័យ ទាំងបទភ្លេងគឺ លោកស្រលាញ់ ហើយក៏ជាអត្ថន័យដែលដក់ជាប់ក្នុងចិត្តលោក ព្រោះថា មុនពេលចេញនូវបទចម្រៀងមួយនេះ លោកមានការសុបិន្តមួយថា លោក​បានជួបគ្រោះថ្នាក់ហើយបាត់ការចងចាំ ចាកចោលមនុស្សដែលលោកស្រលាញ់ ទើបធ្វើឲ្យលោក នឹកឃើញចង់បានបទចម្រៀងដែលមានអត្ថន័យបែបនេះផងដែរ។ មួយវិញទៀត ជាផលទទួលបានមកវិញ គឺបទចម្រៀង «បើបងបាត់ការចងចាំ» ដែលជាចម្រៀងបង់រំលោះអ្នកនិពន្ធ មួយនេះហើយ ធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះ និងមានទស្សនិកជនជាច្រើនគាំទ្រលោក ដូចបច្ចុប្បន្ននេះ។

ដោយឡែក ងាកមកការងារសិល្បៈវិញ បច្ចុប្បន្នលោក ប៊ូ តាំងហ៊ាង គឺជាតារាចម្រៀងកុងត្រារយៈពេល៣ឆ្នាំក្នុងផលិតកម្ម ដែលកំពុងទទួលបានការគាំទ្រខ្លាំង គឺផលិតកម្ម Galaxy Navatra បន្ទាប់ពីលោកមានប្រជាប្រិយភាពតាមរយៈបទចម្រៀង «បើបងបាត់ការចងចាំ»។ ក្នុងនោះគឺលោកមានត្រៀម​នៅបទចម្រៀងជាច្រើនបទត្រៀមចេញក្នុងពេលឆាប់ៗនេះ ក្នុងផលិតកម្ម Galaxy Navatra លោកក៏សង្ឃឹមថា នឹងមានការទ្រជាច្រើនបន្តទៀតពីសំណាក់ទស្សនិកជន។

ជាចុងក្រោយតារាចម្រៀង លោក ប៊ូ តាំងហ៊ាង ក៏បានថ្លែងអំណរគុណដល់ទស្សនិកជន និងអ្នកដែលតែងតែជួយជ្រោមជ្រែងលោកកន្លងមក ជាពិសេសមហាជន ដែលតែងផ្ដល់កម្លាំងចិត្ត និងគាំទ្រ ទើបធ្វើឲ្យលោកមានថ្ងៃនេះ៕

(កម្មវិធី ​«អាថ៌កំបាំង​ក្រៅឆាក​របស់​តារា» ឧបត្ថម្ភ​ធំ​ដោយ សិប្បកម្ម រ៉ារី)