(បាងកក)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំអ៊ូបេគីស្ថាន បានឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ AFC U23 Championship 2020 ជាផ្លូវការហើយ ក្រោយបំបាក់គូប្រជែង U23 អារ៉ាប់រួម ក្នុងលទ្ធផល ៥-១ នៃវគ្គ ៨ក្រុមចុងក្រោយនារាត្រីថ្ងៃអាទិត្យ ទី១៩ ខែមករា។

តាមរយៈលទ្ធផលនេះ បានធ្វើក្រុមការពារជើងឯក អ៊ូបេគីស្ថានមានភាពកក់ក្តៅ ក៏ដូចជាកំញើញដល់គូប្រជែងអារ៉ាប៊ីសាអូឌីត ដែលបានទម្លាក់ក្រុមជម្រើសជាតិ U23 ថៃ ១-០ ផងនោះកាលពីថ្ងៃសៅរ៍ ទី១៩ ខែមករាកាលសប្តាហ៍មុនផងដែរ។

ក្នុងជំនួបរវាងក្រុមមកពីតំបន់ប្លុកអារ៉ាប់ដូចគ្នា គឺអារ៉ាប់រួម (UAE) បានបើកការនាំមុខ ១គ្រាប់មុននៅនាទីទី១៣ តែភាពសប្បាយរីករាយនេះបានតែ ៣នាទីប៉ុណ្ណោះ មុនពេលអ៊ូបេគីស្ថានតាមស្មើវិញ និងបន្ថែម ២គ្រាប់ទៀត ដើម្បីនាំមុខ ៣-១ ក្នុងរយៈពេល ៤៥នាទីដំបូង និងថែម ២គ្រាប់ទៀតនៅចុងវគ្គទី២។

គួរបញ្ជាក់ផងថា ជំនួបរវាងក្រុម U23 អ៊ូបេគីស្ថាន ប៉ះក្រុម U23 អារ៉ាប៊ីសាអូឌីត នឹងធ្វើឡើងនៅម៉ោង ១៧៖១៥នាទីល្ងាច ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មុនពេល U23 អូស្រា្តលី ជួបក្រុម U23 កូរ៉េខាងត្បូង នៅម៉ោង ២០៖១៥នាទីថ្ងៃនោះដែរ៕