(យ៉អុីនឌេ)៖ ព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations ត្រូវបានប្រកាសលើកពេលមកប្រកួតនាខែមករា ឆ្នាំ២០២១ វិញ ដោយហេតុផលអាកាសធាតុមិនអំណោយផល ដោយមានការសម្រេចពីសហព័ន្ធបាល់ទាត់របស់ប្រទេសកាមេរូន ក្រោយជួបពិភាក្សាជាមួយសហព័ន្ធបាល់ទាត់ទ្វីបអាហ្រ្វិក CAFកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

យោងតាម BBC បានចេញផ្សាយថា ដោយសារតែបញ្ហាអាសធាតុនៅក្នុងតំបន់ ដោយហេតុថា ចន្លោះខែមិថុនា និងខែកក្កដា ស្ថិតក្នុងរដូវភ្លៀងធ្លាក់ខ្លាំង ដូច្នះសហព័ន្ធបាល់ទាត់របស់ម្ចាស់ផ្ទះកាមេរូន បានប្រកាសលើកពេលប្រកួតប្រជែងដណ្តើមពានរង្វាន់ដែលមានរយៈពេល ២ឆ្នាំម្តងនេះ មកប្រកួតនាថ្ងៃទី៩ ខែមករា រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈកីឡាករភាគច្រើន សុទ្ធតែជាសមាជិកនៃក្រុមលីគកំពូលអង់គ្លេស Premier League អាចនឹងខកខានការប្រកួតដ៏សំខាន់របស់ពួកគេផងដែរ។

ព្រឹត្តិការណ៍នេះកាលឆ្នាំ២០១៩ ដែលមានប្រទេសអេហ្ស៊ីប ធ្វើម្ចាស់ផ្ទះនោះ ក៏បានធ្វើឡើងនារដូវក្តៅជាលើទី១ ផងដែរ ជាក់ស្តែងក្រុមជម្រើសជាតិអាល់ហ្សេរី ជាម្ចាស់ជើងឯក ក្រោយយកឈ្នះក្រុមជម្រើសជាតិសេណេហ្គាល់ របស់កីឡាករ Sadio Mane នៅវគ្គផ្តាច់ព្រ័ត្រ គ្រាដែលក្រុមជម្រើសជាតិកាមេរូន ក៏ធ្លាប់ឈ្នះពាននេះបាន៥លើក ឈរលេខរៀងទី២ បន្ទាប់ពីអេហ្ស៊ីបឈ្នះច្រើងគេដល់ទៅ៧លើក៕