(សៀមរាប)៖ លោក Tony Wang បេក្ខភាពត្រៀមរត់ចម្ងាយ ១២៨គីឡូម៉ែត្រក្នុងទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Angkor Ultra Trial លើកទី៥ នៅថ្ងៃទី១៨-១៩ ខែមករានេះ បានសម្ដែងការរីករាយ ចំពោះការចូលរួមលើកដំបូងនៅកម្ពុជា ហើយលោកបានសន្យានឹងបន្ដការផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏ធំនេះទៅកាន់ពិភពលោក ក៏ដូចផ្សព្វផ្សាយពីឱកាសវិនិយោគនៅកម្ពុជាផងដែរ។

បុរសជនជាតិចិនរូបនេះបានឲ្យដឹងថា នេះជាលើកដំបូងដែលលោកបានចូលរួមរត់ចម្ងាយឆ្ងាយនៅកម្ពុជា តែលោកសប្បាយចិត្ត ព្រោះការរៀបចំនៅតំបន់អង្គរ ដែលជាតំបន់ដ៏ល្អឯក។ តែមុនមករត់នៅសៀមរាប លោកក៏ធ្លាប់រត់ព្រឹត្តិការណ៍អន្ដរជាតិជាច្រើនដែរ ហើយលោកចាត់ទុក នេះជាបទពិសោធន៍ថ្មីមួយសម្រាប់ការរត់ឆ្លងកាត់ឧបសគ្គនៅតំបន់ប្រាសាទ និងស្វែងយល់ពីសក្ដានុពលផ្សេងៗជាដើម។

លោក Tony Wang បាននិយាយថា «ខ្ញុំសប្បាយចិត្តដែលបានចូលរួមរត់ Angkor Ultra Trial នៅទីនេះ។ ខ្ញុំក៏ជាអ្នកច្បាប់ពាណិជ្ជកម្មអន្ដរជាតិម្នាក់ដែរ។ ចឹងខ្ញុំមកនេះ ក្រៅពីផ្ដោតលើការរត់ ខ្ញុំក៏នឹងសម្លឹងមើលស្ថានភាព និងបរិយាកាសនៅទីនេះល្អប្រសើរដូចម្ដេចខ្លះ ហើយពេលខ្ញុំត្រឡប់ទៅវិញ ខ្ញុំនឹងផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះ និងផ្សព្វផ្សាយដល់វិនិយោគិនបរទេស ដើម្បីមានឱកាសមកវិនិយោគនៅកម្ពុជា»

ទន្ទឹមការលើកឡើងខាងលើ ក៏មានស្ដ្រីជនជាតិសិង្ហបុរី Geraldine Susay ថ្លែងស្រដៀងគ្នាដែរថា លោកស្រីបានមកចូលរួមព្រឹត្តិការណ៍នេះ ២ដងមកហើយ។ អ្វីដែលលោកស្រីចាប់អារម្មណ៍ គឺការរត់តាមដងផ្លូវដ៏ស្រស់ស្អាត មានសម្បត្តិធម្មជាតិ ពិសេសប្រាសាទដ៏ល្អឯកនៅតំបន់អង្គរ ហើយថែមទាំងមានការស្វាគមន៍យ៉ាងរួសរាយរាក់ទាក់ពីប្រជាពលរដ្ឋថែមទៀត។ ដូច្នេះលោកស្រីបានត្រៀមខ្លួនចូលរួមរត់ជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trial លើកទី៥ នឹងប្រព្រឹត្តទៅ ២ថ្ងៃ នៅតំបន់អង្គរ នាថ្ងៃទី១៨-១៩ ខែមករាចុងសប្ដាហ៍នេះ នៅតំបន់អង្គរ ខេត្តសៀមរាប ដោយមានអ្នកចុះឈ្មោះចូលរួមសរុប ១,២៥៥នាក់ ក្នុងនោះមានខ្មែរ ៣៥០នាក់ និងបរទេស ៩០៥នាក់ មកពី ៤៥ប្រទេស ដោយកើនឡើង ១០% បើធៀបនឹងឆ្នាំ២០១៩។ ចំពោះវិញ្ញាសាត្រូវរត់ រួមមានរត់ ១២៨គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និងរត់ចម្ងាយ ១៦គីឡូម៉ែត្រ៕