(មេនឆេស្ទើ)៖ ក្លឹបបិសាចក្រហម Manchester United ជិតឈានដល់កិច្ចព្រមព្រៀងក្នុងការផ្ទេរកីឡាករលេងក្នុងតំណែងបម្រើប្រយុទ្ធ Bruno Fernandes របស់ក្លឹប Sporting Lisbon នៃប្រទេសព័រទុយហ្គាល់ ក្នុងតម្លៃខ្លួនប្រមាណ ៦០លានផោន។

ទាំងថ្នាក់ដឹកនាំ Man Utd និង Sporting កំពុងជួបចរចាទល់មុខគ្នា ដើម្បីសម្រេចចុងក្រោយអំពីជោគវាសនាកីឡាករ ដែលមានវ័យ ២៥ឆ្នាំសញ្ជាតិព័រទុយហ្គាល់ខាងលើនេះ ដ្បិតបរាជ័យម្តងរួចមកហើយកាលពីខែកក្កដា ឆ្នាំ២០១៩ ដោយសារតែមិនត្រូវរ៉ូវថ្លៃគ្នា។

អ្នកចាត់ការទូទៅ Man Utd លោក Ole និងជំនួយការរបស់គាត់ Mike Phelan បានទៅមើលផ្ទាល់ពីការលេងរបស់ Fernandes ប្រកួតក្នុងលីគព័រទុយហ្គាល់កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ខណៈ Bruno ក៏រកបាន ២គ្រាប់ផងដែរ ក្នុងជំនួបដែល Sporting បានបំបាក់ Vitoria Setubal ក្នុងលទ្ធផល ៣-១ កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន។

Fernandes អាចក្លាយជាកីឡាករថ្មីទី១ នៅទឹកដី Old Trafford នារដូវកាលដោះដូរកីឡាករលើកទី១ ប្រចាំឆ្នាំ២០២០ នេះ និងដើម្បីជំនួសកន្លែង Paul Pogba និង Scott McTominay ដែលកំពុងមានបញ្ហារបួស ដែលធ្វើឲ្យតំបន់បម្រើមានបញ្ហាជាខ្លាំងនោះ៕