(គូឡាឡាំពួរ)៖ ក្រុមព្រះខ័នរាជស្វាយរៀង បានវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះ Terengganu FC ដែលជាអតីតក្រុមចាស់របស់កីឡាករជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន ដោយលទ្ធផល ៤-៣ ក្នុងជំនួបមិត្តភាពអន្ដរជាតិនៃកម្មវិធី Pre-Season Tour 2020 របស់ខ្លួននៅប្រទេសម៉ាឡេស៊ីកាលពីម្សិលមិញ។

ជំនួបមិត្តភាពដ៏គួរឲ្យចាប់អារម្មណ៍ វគ្គទី១ ព្រះខ័នរាជស្វាយរៀង ត្រូវបានក្រុមម្ចាស់ផ្ទះនាំមុខ ៣-១ តែវគ្គទី២ ក្រុមជើងឯកលីគកំពូលកម្ពុជាធ្វើបានយ៉ាងល្អ ដោយវាយបកបាន ៣គ្រាប់បន្ថែម ដោយកីឡាករ Pedro ២គ្រាប់ និង សុក សំណាង ១គ្រាប់ ដែលជួយឲ្យព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះវិញ បន្ទាប់ពី Terengganu FC ព្យាយាមរកគ្រាប់បាល់បន្ថែម មិនបានសម្រេចនោះ។

នេះគឺជាការប្រកួតចុងក្រោយក្នុងកម្មវិធី Pre-Season Tour 2020 របស់ក្រុមព្រះខ័នរាជស្វាយរៀង ហើយពួកគេបានសម្រេចនូវលទ្ធផលដ៏ល្អ ដោយឆ្លងកាត់ការប្រកួតមិត្តភាពអន្ដរជាតិ ៣ប្រកួត ក្រុមលោក Conor Nestor បានទទួលជ័យជម្នះទាំង ៤ប្រកួត មិនស្គាល់ចាញ់ ឬស្មើឡើយ។ រីឯលទ្ធផល ២ប្រកួតទៀត គឺពួកគេបានយកឈ្នះក្រុម FA Selangor ៤-០ និងឈ្នះក្រុម Fedal United ២-១ កាលពីចុងសប្ដាហ៍កន្លងទៅ។

សូមបញ្ជាក់ថា ការបោះជំរុំហ្វឹកហាត់ជាង ១សប្ដាហ៍លើទឹកដីម៉ាឡេស៊ីនេះ គឺជាការត្រៀមរដូវកាលថ្មី និងការប្រកួតជម្រុះពានរង្វាន់ AFC Cup 2020 ជាក់ស្ដែងក្រោយចប់បេសកកម្មខាងលើ ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជើងឯករងលីគកំពូល Master 7 FC នាថ្ងៃទី២២-មករា នៅពហុកីឡដ្ឋានជាតិ មុនចេញទៅប្រកួតជើងទី២ នៅទឹកដីឡាវនាថ្ងៃទី២៩-មករា ដើម្បីកាត់សេចក្ដីយកក្រុមឈ្នះឡើងបង្គ្រប់កៅអីវគ្គចែកពូល AFC Cup 2020៕