(សៀមរាប)៖ ក្លឹបបាល់ទាត់ខ្លាំងៗ មកពី ៣ប្រទេសរួមមានក្លឹបវិសាខា និងអង្គរថាយហ្គឺរ សមាជិកលីគកំពូលកម្ពុជា ក្លឹប Petaling Jaya City មកពីលីគកំពូលម៉ាឡេស៊ី និងក្លឹប Bhayangkara FC មកពីលីគកំពូលឥណ្ឌូនេស៊ី នឹងត្រូវប្រជែងពានមិត្តភាពអន្ដរជាតិ Siem Reap Super Asia Cup 2020 នៅកីឡដ្ឋាន SRU ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៣-២៦ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ។

ពានរង្វាន់មិត្តភាពអន្ដរជាតិនេះ រៀបចំឡើងដោយក្លឹបកីឡាបាល់ទាត់សៀមរាបយូណាយធីត សហការជាមួយ Bolabros និង Karki Jersi ។ ក្រោយឆ្លងកាត់ការចាប់គូកាលពីថ្ងៃទី១០ ខែមករាម្សិលមិញ ក្លឹបអង្គរថាយហ្គឺរ ត្រូវជួបក្លឹប Petaling Jaya City មុន នៅថ្ងៃទី២៣-មករា ខណៈក្លឹបវិសាខា ត្រូវជួបក្លឹប Bhayangkara FC នាថ្ងៃទី២៤-មករា ។ ចំពោះរូបមន្ដប្រកួត ក្រុមឈ្នះ ត្រូវឡើងទៅជួបគ្នាដណ្ដើមពាន នាថ្ងៃទី២៦-មករា ខណៈក្រុមចាញ់ ត្រូវជួបគ្នាដណ្ដើមលេខ៣ នៅថ្ងៃទី២៥-មករា ។

ជុំវិញការរៀបចំពានអន្ដរជាតិ នៅកីឡដ្ឋានថ្មីស្រឡាងនេះ ត្រូវបានលោក ប៊ួយ ដារី អ្នកចាត់ការទូទៅក្លឹបពាក់កណ្ដាលអាជីពសៀមរាបយូណាយធីត និងកីឡដ្ឋាន SRU បញ្ជាក់ថា ដោយសារក្លឹបចង់សាកល្បងទីលាន និងការរៀបចំរបស់ខ្លួន ក្នុងការបង្កើតព្រឹត្តិការណ៍ដ៏ធំបែបនេះ ។ ប៉ុន្ដែលោករំពឹងថា ពានរង្វាន់ Siem Reap Super Asia Cup នឹងអាចទាក់ទាញអ្នកគាំទ្រចូលរួមទស្សនាបានច្រើន ដ្បិតក្រុមចូលរួម សុទ្ធតែក្រុមខ្លាំងៗ និងមានប្រជាប្រិយ ពិសេសអង្គរថាយហ្គឺរ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប ។

លោកថា «ដោយសារកីឡដ្ឋានយើង ទើបចាប់ផ្ដើមធ្វើ ហើយត្រៀមទទួលក្រុមពីរ នៅអង្គរថាយហ្គឺរ និងសូលទីឡូអង្គរ ក្នុងលីគកំពូលកម្ពុជា រដូវកាលថ្មី ដូច្នេះនេះគឺជាឱកាសដ៏ល្អ សម្រាប់ពួកយើងធ្វើតេស្ដទីលាន និងការរៀបចំរបស់យើង ។ យើងពិតជាមានមោទកភាព ដែលយើងអាចរៀបចំព្រឹត្តិការណ៍អន្តរជាតិនេះឡើង។ យើងសង្ឃឹមលើទស្សនិកជននៅខេត្តសៀមរាប ដោយសារតែនៅសៀមរាបជាខេត្តមួយមានទស្សនិកជនផុលផុសក្នុងបាល់ទាត់ ជាពិសេសអង្គរថាយហ្គឺរជាប់ជាក្រុមមានទស្សនិកជនច្រើនជាងគេបំផុតពីរឆ្នាំជាប់គ្នា»

គួរបញ្ជាក់ថា គ្រប់ការប្រកួតនៅកីឡដ្ឋាន SRU នឹងចាប់ផ្ដើមនាវេលាម៉ោង ៤ល្ងាចដូចគ្នា ។ ចំពោះសំបុត្រចូលទស្សនា គឺមានតម្លៃ ៤,០០០រៀលសម្រាប់កន្លែងគ្មានដំបូល ហើយប្រសិនបើទិញសរុបសម្រាប់ ៤ប្រកួតតែម្ដង អ្នកគាំទ្រនឹងចំណាយត្រឹម ១២,០០០រៀលប៉ុណ្ណោះ ។ ចំណែកកន្លែងមានដំបូង គឺមានតម្លៃ ១០,០០០រៀល តែបើករណីទិញសរុប ៤ប្រកួត នឹងចំណាយត្រឹម ៣០,០០០រៀលប៉ុណ្ណោះ៕