(ភ្នំពេញ)៖ កំពូលតារាចម្រៀងលំដាប់ប្រទេស លោក ព្រាប សុវត្ថិ ថ្មីៗនេះ លោក បានដឹកដៃភរិយាសំណព្វចិត្ត និងកូនប្រុសទាំង៣ ចុះទៅពិនិត្យសាលារៀនមួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្វាយ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ខណៈដែលសាលារៀនមួយនេះ មានលក្ខណៈចាស់ទ្រុឌទ្រោមខ្លាំង និងមានដំបូលធ្លុះធ្លាយ។ យ៉ាងណាមិញ ក្រោយឃើញសភាពនៃសាលារៀន មានភាពទ្រុឌទ្រោមខ្លាំង លោក ព្រាប សុវត្ថិ សម្រេចបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីសាងសង់អគារថ្មី ជូនដល់សាលាបឋមសិក្សានេះតែម្ដង។

ជាការពិតណាស់ ដោយសំឡឹងឃើញពីភាពទ្រុឌទ្រោមខ្លាំង របស់សាលាបឋមសិក្សា «ស្វាយ» និងដើម្បីឲ្យសិស្សានុសិស្ស ដែលកំពុងសិក្សា នៅក្នុងអគារដែលមានសភាពទ្រុឌទ្រោម និងធ្លុះធ្លាយបែបនេះ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងភរិយា រួមទាំងកូនៗ បានចុះទៅដល់ទីតាំងរបស់សាលាផ្ទាល់ និងថែមទាំងបរិច្ចាគនូវថវិកាខ្លួន ជួយសាងសង់អគារសិក្សាថ្មីតែម្ដង។ នេះគឺជាទង្វើដ៏គំរូបំផុត ដែលកំពូលតារាចម្រៀងលំដាប់ប្រទេស និងគ្រួសារ បានបរិច្ចាគធនធានផ្ទាល់ខ្លួន ធ្វើអំពើល្អនៅក្នុងសង្គមបែបនេះ សម្រាប់បណ្ដុះបណ្ដាលកុលបុត្រកុលធីតាខ្មែរ ឲ្យមានចំណេះជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

មហាជនជាច្រើន បានសម្ដែងនូវក្ដីកោតសរសើរយ៉ាងក្រៃលែង ដល់កំពូលតារាចម្រៀងល្បីលោក ព្រាប សុវត្ថិ ដែលមានទឹកចិត្តល្អប្រពៃ ក្នុងការជួយចូលរូមចំណែក ជួយសង្គម ជាពិសេសនោះ គឺការកសាងជាសាលាតែម្ដង ដែលអាចធ្វើឲ្យសិស្សានុសិស្ស និងក្មេងៗជំនាន់ក្រោយ បានសិក្សាក្នុងសាលាដែលមានសភាពល្អប្រសើរ និងជាការចូលរួមជាចំណែកតូចមួយ ដើម្បីលើកស្ទួយវិស័យអប់រំ នៅប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើនឡើងបន្ថែមទៀត៕