(ភ្នំពេញ)៖ តារាចម្រៀងមានប្រជាប្រិយភាព លោក ឆាយ វីរៈយុទ្ធ កំពុងធ្វើឲ្យមហាជន ក៏ដូចជាអ្នកក្នុងចង្កោមសិល្បៈមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលក្រោយពីជោគជ័យលើការងាសិល្បៈហើយនោះ លោកបាននឹងកំពុងបោះទុនវិនិយោគ សាងសង់វីឡាលក់ ក្នុងទំហំទឹកប្រាក់ ប្រមាណ២លាន៦សែនដុល្លារ នៅក្នុងដើមឆ្នាំ២០២០នេះ។ ការជះលុយខ្ទង់លានដុល្លារ ដើម្បីបោះទុនសាងសង់វីឡានេះ ត្រូវបានគេដឹងថា លោកបានរួមសហការ ក៏ដូចជាបោះទុនរកស៊ីរួមគ្នា ជាមួយនឹងឧកញ៉ា ម៉េន កានី ខណៈដែលការវិនិយោគលើគម្រោង «Style Mini Villa GM Residence Baseth» គឺមានទីតាំងនៅក្នុងភូមិ ថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ចំពោះការបោះទុនដ៏ធំសម្បើម នាដើមឆ្នាំ២០២០នេះ ត្រូវបានតារាចម្រៀងលោក ឆាយ វីរៈយុទ្ធ ថ្លែងប្រាប់ឲ្យដឹងថា គម្រោងវិនិយោគសាងសង់វីឡានេះ បានប្រើដើមទុនចំណាយជិត៣លានដុល្លារ ប៉ុន្តែនៃគឺជាការចាប់ដៃគ្នា វិនិយោគរួមគ្នារវាងរូបលោក និងលោកឧកញ៉ា ម៉េន កានី ដោយរូបលោកផ្ទាល់ មានទុន២៥ភាគរយ រីឯលោកឧកញ៉ា ម៉េន កានី មានដើមទុនធំរហូត៧៥ភាគរយ។

តារាចម្រៀងលោក ឆាយ វីរៈយុទ្ធ បានឲ្យដឹងថា ដោយសារតែលោក មើលឃើញឱកាស ជាពិសេសសន្ទុះនៃការរីកចម្រើននៅក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាការសាងសង់លំនៅដ្ឋាន ទើបធ្វើឲ្យលោកធ្វើការសម្រេចចិត្តបោះទុនវិនិយោគ ទៅលើគម្រោងជាមួយនឹងលោក ឧកញ៉ា ម៉េន កានី​ ដែលជាដៃគូដ៏ទុកចិត្ត របស់លោក​នៅពេលនេះ។ ជាមួយគ្នានេះ​ បំណងប្រាថ្នាក្នុងការរកស៊ី លើវិស័យអចលនទ្រព្យ ក៏ជាបំណងប្រាថ្នាមួយ របស់តារាចម្រៀង លោក ឆាយ វីរៈយុទ្ធ បន្ទាប់ពីអាជីពជាតារាចម្រៀងរបស់លោក ទទួលបានជោគជ័យ ហើយលោកនឹងប្រឹងប្រែងធ្វើការងារនេះ ឲ្យដើរទន្ទឹមគ្នា ពោលគឺបានន័យថា ទាំងការងារសិល្បៈ និងការងារជំនួញថ្មីនេះ គឺឲ្យដើរទន្ទឹមគ្នាតែម្ដង។

លោក ឆាយ វីរៈយុទ្ធ បានសង្កត់ធ្ងន់ថា ពាក់ព័ន្ធជាមួយនឹង គម្រោងវីឡាដែលលោក កំពុងតែសាងសង់នេះគឺ អតិថិជនពិតមាន​ឱកាសក្នុងការចំណេញច្រើន ពោលគឺបើអតិថិនជន ទិញហើយទុកលក់បន្ត មានឱកាសចំណេញច្រើន និងបើទិញទុករស់នៅក៏ជាការល្អបំផុតសម្រាប់អតិថិជន ព្រោះតែម៉ូតវីឡា ដែលលោកបោះទុនក្នុងការសាងសង់នេះ មានរូបរាងថ្មីសន្លាង ប្លែកពីគេតែម្ដង និងជាគំរូមួយដ៏ល្អសម្រាប់តម្រូវចិត្តរបស់អតិថិជន។

ដោយឡែក សម្រាប់ដៃគូវិនិយោគ របស់តារាចម្រៀង លោក ឆាយ វីរៈយុទ្ធ គឺលោក ឧកញ៉ា ម៉េន កានី ក៏បានថ្លែងបញ្ជាក់ថា លោកពិតជាមានទំនុកចិត្ត និងជឿជាក់ខ្លាំងលើលោក ឆាយ វីរៈយុទ្ធ ក្នុងការបោះទុនរកស៊ីជាមួយគ្នា ដោយលោកមើលឃើញពីភាពឆ្លាតវៃ និងភាពប៉ិនប្រសព្វ នៅក្នុងការប្រកបជំនួញ ក៏ដូចជាការបោះទុន វិនិយោគផ្សេងៗ។ ម្យ៉ាងទៀត ការវិនិយោគសង់វីឡា លើកនេះគឺមិនមែនជាលើកទី១នោះទេ ដែលលោកធ្លាប់បានចាប់ដៃគ្នាបោះទុនរកស៊ីជាមួយនឹងលោក ឆាយ វីរៈយុទ្ធ ដោយសារតែកន្លងមក អ្នកទាំងពីរធ្លាប់បានចាប់ដៃគ្នារកស៊ី នៅក្នុងជំនួញដីឡូតិ៍នៅឯខេត្តព្រះសីហនុ ទើបធ្វើឲ្យលោក សម្លឹងឃើញពីភាពជោគជ័យ ហើយក៏បន្តរួមសហការ ចាប់ដៃគ្នារកស៊ីបន្តទៀត។

លោកឧកញ៉ា ម៉េន កានី បានបញ្ជាក់បន្ថែមទៀតថា ដោយសារទំហំសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជាយើង មានការរីកចម្រើនឥតឈប់ឈរ លោកក៏រំពឹងយ៉ាងមុតមាំថា គម្រោងមួយនេះ នឹងទទួលបានជោគជ័យ ដោយសារតែមើលទៅលើបរិយាសដ៏ល្អនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាភាពរីកលូតលាស់ នៃ​ជីវភាពរបស់ប្រជាពលរដ្ឋ រួមនឹងភាពស៊ីវិល័យ ក៏ដូចជាតម្រូវការផ្ទះសម្បែង របស់ប្រជាពលរដ្ឋមានការកើនឡើង ទើបលោករំពឹងថានឹងទទួលជោគជ័យ ហើយជំនួញថ្មី ដែលជាការសាងសង់វីឡាលក់នេះ គឺជាគម្រោងដ៏ធំមួយដែលប្លែកពីគេ ព្រោះម៉ូតផ្ទះរចនាឡើង គឺមានលក្ខណៈស៊ីវិល័យផងដែរ៕