(ភ្នំពេញ)៖ «Miss World» គឺជាកម្មវិធីប្រកួតប្រជែងសម្រស់ និងសមត្ថភាពលំដាប់ថ្នាក់ពិភពលោកដ៏ធំមួយ ក្នុងចំណោមកម្មវិធីធំៗជាច្រើនទៀតដូចជា «Miss Universe«, «Miss Internation»,និង «Miss Earth» ខណៈមួយក្នុងមួយឆ្នាំៗ មានបេក្ខនារីមកពីជាង១០០ ប្រទេសចូលរួមប្រកួត។ ដោយឡែក ក្នុងឆ្នាំ២០១៩នេះ គឺមានប្រទេស ១១១ ចូលរួម ក្នុងចំណោមនោះ បេក្ខនារីដែលទទួលជ័យលាភីឈ្នះមកុដក្នុងកម្មវិធីនេះ គឺបានទៅលើបវរកញ្ញាមកពីប្រទេស Jamaica។

ការប្រកួតបវរកញ្ញា «Miss World 2019» បានឈានដល់វគ្គបញ្ចប់កាលពីរាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ដែលមានចក្រភពអង់គ្លេសធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ។ បន្ទាប់ពីឆ្លងការការប្រកួតជាច្រើនវគ្គ ជាលិទ្ធផលបេក្ខនារីដែលបានគ្រងមកុដប្រចាំឆ្នាំ២០១៩នេះ បានទៅលើបវរកញ្ញាមកពីប្រទេស Jamaica នាង Toni-Ann Singh ចំណែកឯតំណែងរងទី១បានទៅបវរកញ្ញាមកពីប្រទេសបារាំង និងតំណែងរកទី២ បានលើបវរកញ្ញាប្រទេសឥណ្ឌា។

គួរជម្រាបថា ម្ចាស់មកុដ «Miss World 2019» កញ្ញា Toni-Ann Singh បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកចិត្តវិទ្យាពីសាកលវិទ្យាល័យរដ្ឋផ្លរីដា (Florida State University)។ កញ្ញា គឺជានារីទី៤ហើយរបស់ប្រទេស Jamaica ដែលឈ្នះមកុដ ក្នុងកម្មវិធី «Miss World»៕