(ភ្នំពេញ)៖ ក្លឹបវិសាខា បានធ្វើអ្នកគាំទ្រមានការភ្ញាក់ផ្អើលទាំងព្រឹក នៅថ្ងៃទី១៦ ខែធ្នូនេះ បន្ទាប់ពីពួកគេបានប្រកាសចុះអនុសារណៈយោគយល់គ្នា(MoU) ជាមួយក្លឹបក្របខណ្ឌលីគកំពូលជប៉ុន(J-League 1) គឺក្លឹបYokohama FC។

ពិធីចុះ MoU លើភាពជាដៃគូនេះ បានធ្វើនៅប្រទេសជប៉ុន កាលពីម្សិលមិញ ក្រោមវត្តមានលោក ស សុខា ស្ថាបនិកក្លឹបវិសាខា និងលោកជំទាវ កែ សួនសុភី ប្រធានក្លឹបវិសាខា និងលោក Onodera Hiroshi ប្រធានក្លិប Yokohama FC រួមទាំងក្រុមការងារក្លឹបទាំងពីរផងដែរ ។

ចំពោះគោបំណងសំខាន់ នៃការចុះអនុសារណៈយោគយល់គ្នាខាងលើ គឺផ្ដោតលើការរឹតចំណងមិត្តភាព និងទំនាក់ទំនងរវាងក្លឹប និងក្លឹប ពិសេសការអភិវឌ្ឍន៍ និងផ្លាស់ប្ដូរយុវជនថ្នាល រួមទាំងការផ្លាស់ប្ដូរបទពិសោធន៍រវាងគ្រូបង្វឹក និងគ្រូបង្វឹក សំដៅជំរុញការអភិវឌ្ឍក្លិបទាំងពីរ ឆ្ពោះទៅរកភាពរីកចម្រើនបន្ថែមទៀត ។

គួរដឹងថា ក្លឹប Yokohama FC បានក្លាយជាសមាជិកក្របខណ្ឌលីគកំពូលជប៉ុន នារដូវកាលថ្មី ឆ្នាំ២០២០ បន្ទាប់ពីពួកគេ ដណ្ដើមបានជើងឯករងក្នុងក្របខណ្ឌលីគទី២ J-League 2 ក្នុងឆ្នាំ២០១៩ នេះ ដើម្បីដឹកដៃគ្នាជាមួយក្រុមជើងឯក Kashiwa Reysol ឡើងទៅបង្គ្រប់កៅអីលីគកំពូលជប៉ុន ឆ្នាំ២០២០ ។ ចំណែកក្រុមវិសាខា ក្នុងរដូវកាលឆ្នាំ២០១៩ ក៏បញ្ចប់ត្រឹមជើងឯករង នៃលីគកំពូលកម្ពុជា ផងដែរ៕