(ភ្នំពេញ)៖ អតីតបេក្ខភាពប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «Cambodian idol» រដូវកាលទី៣ លោក អៀង វុត្ថា បច្ចុប្បន្នប្រុសសង្ហាររូបនេះ កំពុងតែទទួលបានការគាំទ្រ និងមានប្រជាប្រិយភាព តាមរយៈការច្រៀង Cover បទចម្រៀងបែបមរតកដើមឡើងវិញ។ ដូចជាបទ «ក្លិនផ្កាម្លិះ» គឺកាន់តែធ្វើឲ្យទស្សនិកជន កាន់តែស្គាល់លោកច្បាស់។ ដោយឡែក ក្រៅពីទទួលជោគជ័យក្នុងសិល្បៈ តាមរយៈការចូលរួមធ្វើជាតារកិត្តិយស ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ពីទូរទស្សន៍Fresh News តារាចម្រៀង អៀង វុត្ថា បានបើកកកាយពីជីវិតផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហា ក្រោយបែកបាក់ពីគូស្នេហ៍រយៈពេលជាងមួយឆ្នាំ មកទល់ពេលនេះ លោកមិនទាន់ជួបមនុស្សដែលត្រូវចិត្ត និងយល់ចិត្តលោកពិតប្រាកដនៅឡើយនោះទេ។

តាមរយៈកិច្ចសម្ភាសន៍ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍Fresh News តារាចម្រៀងមុខមានមន្តស្នេហ៍ លោក អៀង វុត្ថា បានថ្លែងប្រាប់ឲ្យដឹងថា ក្រៅពីជោគជ័យលើការងារសិល្បៈបានមួយកម្រិត ដែលខ្លួនចង់បានហើយ ប៉ុន្តែបើនិយាយពីរឿងរ៉ាវស្នេហាវិញ សម្រាប់លោក គឺដូចជាមិនសូវសមប្រកបទាល់តែសោះ ដោយបច្ចុប្បន្ន លោកបានសារភាពថា មានអ្នកតាមស្រលាញ់ច្រើនគួរសមក៏ពិតមែន ប៉ុន្តែគឺហាក់មិនទាន់ជួបមនុស្សស្រីដែលត្រូវចិត្តសម្រាប់លោក ក្រោយពីបានបែកបាក់ពីស្នេហាចាស់ រយៈជាង១ឆ្នាំចុងក្រោយនេះ។

លោក អៀង វុត្ថា បញ្ជាក់ថា សម្រាប់មនុស្សដែលនៅក្នុងក្ដីស្រមៃរបស់លោក គឺជាមនុស្សដែលមានអត្តចរិកកាចបន្តិច ប៉ុន្តែស្រួលលួង ពោលគឺស្រលាញ់មនុស្សពូកែប្រចណ្ឌ ប៉ុន្តែមិនហួងហែង បិទសិទ្ធលោកគ្រប់ជំហាននោះទេ។

ងាកទៅការងារសិល្បៈវិញ នៅថ្ងៃអនាគត ក្រៅពីការងារសិល្បៈប្រុសសង្ហារកំពុងមានប្រជាប្រិយភាពក្នុងសិល្បៈលោក អៀង វុត្ថា មានក្ដីបំណង ចង់បើកហាងផ្ទាល់ខ្លួន ដូចជាហាងកាត់សក់ រួមទាំងហាងញ៉ាំអី ព្រមទាំងវិវត្តន៍ទៅជាកន្លែងជាបើសិនជាមានការគាំទ្រ និងមានលទ្ធភាព។លោក អៀង វុត្ថា ដែលមានស្រុកកំណើតមកពីខេត្តកំពង់ចាម មានបងប្អូន៤នាក់ ប្រុសពីរស្រីៗ ដោយលោកជាកូនទីពីរក្នុងគ្រួសារ ហើយក្នុងចំណោមបងប្អូនទាំងអស់ មានតែលោកម្នាក់ ដែលមានជំនាញខាងសិល្បៈ៕