(បរទេស)៖ បវរកញ្ញាអាហ្រ្វិកខាងត្បូង កញ្ញា Zozibini Tunzi បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីថ្ងៃអាទិត្យ ទី០៨ (ពេលវេលានៅអាមេរិក) បន្ទាប់ពីនាងបានក្លាយជាម្ចាស់មកុដ ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក «Miss Universe 2019»។ តើម្ចាស់មកុដជនជាតិស្បែកខ្មៅរូបនេះ មានប្រវត្តិយ៉ាងណាទៅ?

ខាងក្រោមនេះគឺជាប្រវត្តិសំខាន់ៗមួយចំនួនរបស់ Zozibini Tunzi៖

១. Tunzi កើតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៩៣ នៅទីក្រុង Tsolo នៅក្នុងខេត្ត Cape ភាគខាងកើត នៃអាហ្វ្រិកខាងត្បូង។

២. បវរកញ្ញា រូបនេះ មានបងប្អូនស្រី ០៣នាក់ រួមទាំងនាង។ បងប្អូនស្រីទាំង ០៣ បានធំធាត់ឡើងនៅភូមិ Sidwadweni បន្ទាប់មកបានប្តូរទីលំនៅទៅទីក្រុង Cape។

៣. ម្ចាស់មកុដ «Miss Universe» រូបនេះ បានបញ្ចប់បរិញ្ញាបត្រផ្នែកទំនាក់ទំនងសាធារណៈ (Public Ralations) និងបច្ចេកទេសរូបភាព (image management) ពីសាកលវិទ្យាល័យ Cape Peninsula។

៤. កញ្ញា Tunzi បានចាប់ផ្តើមអាជីពជាតារាម៉ូដែលរយៈពេល ២ឆ្នាំមកហើយ ក្រោយពីបានចូលដល់វគ្គ ២៦នាក់ចុងក្រោយ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធី «Miss South Africa 2017» ប៉ុន្តែកាលណោះ នាងមិនបានចូលដល់វគ្គផ្តាច់ព្រ័ត្រទេ។

៥. នាងបានជាប់ជ័យលាភី ជានារីដែលស្រស់ស្អាតជាងគេ នៅអាហ្រ្វិកខាងត្បូង កាលពីខែសីហា កន្លងទៅ និងតំណាងប្រទេសរបស់ខ្លួន ចូលរួមប្រកួត «Miss Universe 2019»។

៦. ឪពុកម្តាយរបស់ Tunzi គឺជាគំរូដ៏ល្អ និងជាអ្នកគាំទ្រដ៏ធំបំផុតរបស់នាង។ នេះបើតាមសំដីរបស់ Tunzi ពេលឆ្លើយសំនួរ ដែលចោទសួរថា «តើនរណាជាមនុស្សដំបូង ក្នុងចំណោមទស្សនិកជនទាំងអស់ ដែលនាងផ្តោតទៅលើ ប្រសិនបើបានគ្រងមកុដ?»៕