(ភ្នំពេញ)៖ Miss Grand International ២០១៩ ចំណាត់ថ្នាក់លេខ១ មកពីប្រទេសវេណេហ្សូអេឡា និងកញ្ញាឯកថៃ ចំណាត់ថ្នាក់លេខ៣ បានមកដល់ប្រទេសកម្ពុជា ក្នុងដំណើរទស្សនកិច្ច កាលពីព្រឹកថ្ងៃទី៨ ធ្នូ ឆ្នាំ២០១៩នេះ។ ដំណើរមកដល់របស់កញ្ញាឯកពិភពលោក និងប្រតិភូ​នេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីចាងហ្វាងផលិតកម្មមហាហង្ស ដែលជាទទួលសិទ្ធិផ្ដាច់មុខ ក្នុងការរៀបចំការប្រកួត Miss Grand Cambodia ២០២០ និងសិល្បករជាច្រើនរូប។

លោក អ៊ិន សុភិន អ្នកទទួលសិទ្ធិរៀបចំការប្រកួត Miss Grand Cambodia សម្រាប់ឆ្នាំ២០២០ ​បញ្ជាក់ថា ដោយសារតែក្រុមហ៊ុនរបស់លោកទទួលបានសិទ្ធិ ក្នុងការជ្រើសរើសតំណាងកម្ពុជា សម្រាប់ការប្រកួតអន្តរជាតិក្នុងឆ្នាំ២០២០ ទើបលោក និងក្រុមការងារ មកធ្វើបដិសណ្ឋារកិច្ចវត្តមានកញ្ញាឯក Miss Grand International 2019 ដោយដំណើរមកដល់របស់កញ្ញាឯកទាំង២ ក្រៅពីទស្សនកិច្ចតាម តំបន់សំខាន់ៗដូចជាព្រះបរមរាជវាំង សារមន្ទីរ និង គុកទួលស្លែងជាដើម ក៏នឹងធ្វើសកម្មភាពសប្បុរសធម៌ នៅមន្ទីរពេទ្យគន្ធបុប្ផា និង មកដើម្បីប្រកាសក្នុងសន្និសីទសារព័ត៌មាន ពីការប្រគល់សិទ្ធិឲ្យក្រុមហ៊ុនមហាហង្ស ធ្វើជាអ្នករៀបចំ Miss Grand Cambodia សម្រាប់ឆ្នាំ២០២០ផងដែរ។

លោកបន្តថា កម្មវិធីកន្លងមក មានក្រុមហ៊ុនមួយជាអ្នករៀបចំ ប៉ុន្តែអាចមកពីគណកម្មការអន្តរជាតិ ចង់ប្ដូរអ្នកតំណាងជ្រើសរើស ទើបជម្រើសយកក្រុមហ៊ុនរបស់លោក ដោយយោងថាក្រុមហ៊ុនលោកមានស្នាដៃច្រើន ទងការផលិតភាពយន្ត និង​ក្នុងកិច្ចការសប្បុរសធម៌។ លោកថាកញ្ញាឯកទាំង២ នឹងត្រឡប់ទៅវិញ នៅថ្ងៃ១០ធ្នូ ដោយក្នុងរយៈពេលនៃដំណើរទស្សនកិច្ចនៅកម្ពុជា ពួកនាងនឹងពាំនាំចំណុចល្អៗពីកម្ពុជាច្រើន ទៅផ្សព្វផ្សាយលើឆាកអន្តរជាតិ៕