(ភ្នំពេញ)៖ បន្ទាប់ពីចាកចេញទៅរួមរស់​ជាមួយនឹងគូដណ្ដឹង ដែលជាអនិកជន រស់នៅប្រទេស​អូស្ត្រាលី ពេលនេះអតីតតារាចម្រៀងប្រចាំផលិតកម្ម ថោន ប៊ូ ស្រីរ័ត្ន ហៅនីរ័ត្ន សម្រាលបានកូនប្រុសដំបូងរបស់ខ្លួន ដោយសុវត្ថិភាពហើយ ពិតជាមានមុខមាត់គួរឲ្យក្នាញ់ ទោះបីពួកគេទាំងពីរមិនទាន់ ចូលរោងការតាមប្រពៃណីក្ដី។

ជាការពិត ថ្មីនេះៗអតីតតារាចម្រៀង នីរ័ត្ន បានបង្ហាញមុខកូនប្រុសដំបូង ដែលជាតំណក់ឈាមរួមគ្នាជាមួយនឹងគូដណ្ដឹង ជាអនិកជន ដែលបានភ្ជាប់ពាក្យគ្នា កាលពីខែកក្កដា ឆ្នាំ២០១៨ ព្រមទាំងបានបង្ហាញនូវអារម្មណ៍រំភើបជាខ្លាំង ក្រោយពីបានឃើញមុខកូនប្រុស ដែលខំទន្ទឹងរង់ចាំរយៈពេលជាច្រើនខែ។ ដោយឡែក នីរ័ត្ន មិនទាន់បង្ហើបឲ្យដឹងពីឈ្មោះកូនប្រុសដំបូង របស់ខ្លួននៅឡើយនោះទេ។

យ៉ាងណាមិញ ទោះបីជាអ្នកទាំងពីរមិនទាន់បានចូលរោងការ តាមប្រពៃណីខ្មែរ ព្រមទាំងមានកូនមុនរៀបការក្ដី ប៉ុន្តែក៏មិនមានការរិះគន់អ្វីឡើយ ពីសំណាក់មហាជន។ មួយវិញទៀត នៅតែមានការចូលរួមអបអរសាទរ ក៏ដូចជាមាននូវពាក្យពេចន៍ជូនពរឲ្យម្ដាយ និងកូនមានសុខភាពល្អផងដែរ។

តារាចម្រៀង នីរ័ត្ន បានភ្ជាប់ពាក្យជាមួយប្រុសអនិកជនខ្មែរ មកពីអូស្ត្រាលី កាលពីថ្ងៃទី៧ ខែ​កក្កដា ឆ្នាំ២០១៨ ហើយនាងមិនទាន់កំណត់ពេលវេលា រៀបការច្បាស់លាស់នោះទេ រហូតមកទល់ពេលនេះ នាងថែមទាំងសម្រាលបានបុត្រាដ៏គួរឲ្យក្នាញ់ម្នាក់៕