(ម៉ានីល)៖ ការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 រវាងក្រុមយុវជនជម្រើសជាតិអាយុក្រោម ២២ឆ្នាំកម្ពុជា ទល់នឹងក្រុម U22 វៀតណាមចាប់ផ្តើមហើយ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនារាត្រីថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ នៅកីឡដ្ឋាន Rizal Memorial ស្ថិតក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោកជួយដល់ក្រុមកីឡាករ U22 កម្ពុជា ទទួលជោគជ័យលើ U22 វៀតណាម

ក្នុងជំនួបនេះដែរ ក្រុមដែលទទួលបានជ័យជម្នះនឹងកក់មេដាយប្រាក់ក្នុងដៃ មុនឈានដល់វគ្គដណ្តើមមេដាយមាសក្នុងព្រឹត្តិការណ៍ដែលមានរយៈពេល ២ឆ្នាំនឹងធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូខាងមុខ ក្រោយពេលការប្រកួតដណ្តើមមេដាយសំរិទ្ធនឹងធ្វើឡើងនៅពេលរសៀល។

កម្ពុជា មិនដែលយកឈ្នះវៀតណាមម្តងណាទេ ពីការជួបគ្នា ៣លើកក្នុង SEA Games នាពេលកន្លងមក និងជួបគ្នាចុងក្រោយបន្តចាញ់ U22 វៀតណាម ១-០ ទៀតក្នុងការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯកអាស៊ាន AFF U22 Championship 2019 ដែលមានកម្ពុជាធ្វើម្ចាស់ផ្ទះ៕