(ភ្នំពេញ)៖ តារាប្រុសល្បីឈ្មោះ Kang Daniel បានប្រកាសថា លោកនឹងមិនចូលរួមការថតទុកមុនរបស់ MBC Plus នៅថ្ងៃទី០៤ នេះទេ ក្រោយពីបង្ហាញអារម្មណ៍នឿងហត់លើបណ្តាញសង្គម កាលពីម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។

អ្នករៀបចំកម្មវិធី បានសរសេរសារក្នុងផេកផ្លូវការទៅកាន់អ្នកគាំទ្រថា «Kang Daniel បានលុបចោលកាលវិភាគសម្តែងរបស់លោកថ្ងៃនេះ។ ពួកយើងមិនអាចប្រាប់ពីមូលហេតុច្បាស់លាស់នៅឡើយទេ ត្បិតពេលនេះយើងកំពុងចរចាថា តើលោកនឹងចូលរួម ឬយ៉ាងណា»

គួរជម្រាបថា កាលពីថ្ងៃទី០៣ ខែធ្នូ ម្សិលមិញនេះ Kang Daniel បានបង្ហោះសារក្នុងផេកអ្នកគាំទ្រផ្លូវការរបស់លោក បង្ហាញពីអារម្មណ៍ធុនទ្រាន់ខ្លាំង ដោយសង្ឃឹមថានឹងមាននរណាម្នាក់ជួយលោក។ សារនេះ បានធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភយ៉ាងខ្លាំង ពីសុខភាពផ្លូវចិត្តរបស់លោក។

នៅដើមឆ្នាំនេះ Kang Daniel ត្រូវបានធ្វើរោគវិនិច្ឆ័យថា ទទួលរងនូវជំងឺ Depression ព្រោះតែជួបប្រទះនឹងបញ្ហាជាច្រើន ក្នុងនោះរួមទាំងពាក្យបណ្តឹងតវ៉ាគ្នាជាមួយផលិតកម្ម LM ផងដែរ៕