(ភ្នំពេញ)៖ កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានរកទ្រនំថ្មីឃើញហើយ គឺក្លឹបលីគកំពូលថៃ Sukhothai FC ដើម្បីបន្ដអាជីពរបស់ខ្លួន នាឆ្នាំ២០២០ ។ នេះបើតាមការបញ្ជាក់របស់សាមីខ្លួន នៅលើបណ្ដាញសង្គម កាលពីម្សិលមិញ។

ការប្រកាសដំណើរឆ្ពោះទៅប្រកបអាជីពលើទឹកដីថៃជាលើកទី២ របស់កីឡាករជម្រើសជាតិកម្ពុជាខាងលើ គឺបន្ទាប់ពីរូបគេ បានផុតកិច្ចសន្យាជាមួយក្លឹបម៉ាឡេស៊ី Terengganu FC កាលពីចុងខែវិច្ឆិកាកន្លងទៅ ក្រោយរួមរស់ជាមួយគ្នាជិត ២រដូវកាល និងលេងបាន ៥០ប្រកួត។

ការប្រកាសនេះដែរ ក៏សបញ្ជាក់ថា ធារី បានបដិសេធក្លឹបមួយចំនួន ដែលព្យាយាមចង់បានរូបគេ។ កាលពីថ្មីៗ ធារី បានអះអាងថា មានក្លឹបនៅខ្មែរ ២ និងក្លឹបនៅម៉ាឡេស៊ី ២ បានទាក់ទងរូបគេ តែខ្លួនបានសុំពេលគិតសិន ។ លុះដល់ថ្ងៃទី០៣-ធ្នូម្សិលមិញ ស្រាប់តែគេប្រកាសដំណឹងដ៏ភ្ញាក់ផ្អើល អំពីការចូលរួមជាមួយក្លឹប Sukhothai FC នៃលីគកំពូលថៃទៅវិញ៕