(ភ្នំពេញ)៖ តារាសម្តែង និងជាតារាម៉ូដែលប្រុសលោក ណារ៉ុង រ៉ាត់ ដែលមានឈ្មោះពិតថា «ញ៉េប តូនិច» ត្រូវបានគេដឹងថា បច្ចុប្បន្នតារាប្រុសរូបនេះ គឺជោគជ័យទាំងការងារសិល្បៈ និងមុខជំនួញ ដោយថ្មីៗនេះ លោកទើបតែមកពីប្រកួត ក្នុងកម្មវិធី «Mister Working Man International 2019» និងទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមបេក្ខជន មកពី១៥ប្រទេស។ ងាកមករឿងស្នេហាវិញ តាមរយៈការចូលរួមធ្វើជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» លោក ណារ៉ុង រ៉ាត់ បានឲ្យដឹងថា បច្ចុប្បន្នកំពុងមើលចិត្តថ្លើមគ្នា ហើយរូបលោក ក៏មិនចេះប្រចណ្ឌផ្ដេសផ្ដាសនោះទេ តែបើសិនជាលោក ប្រចណ្ឌវិញ គឺសាហាវខ្លាំង។

ឆ្លើយតបនឹងការសាកសួរពីសំណាក់ពិធីករ-ពិធីការិនីក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ទាក់ទងនឹងរឿងរ៉ាវស្នេហា តារាសម្ដែង និងជាតារាម៉ូដែល លោក ណារ៉ុង រ៉ាត់ បានថ្លែងឲ្យដឹងថា បច្ចុប្បន្នគឺរូបលោក កំពុងតែមានចិត្តលួចស្រឡាញ់នារីម្នាក់ដែលជាមិត្តភិក្តស្និទ្ធស្នាល របស់លោកដែលតែងតែមានពេលវេលា នៅជាមួយគ្នាស្ទើរតែគ្រប់ពេល ហើយក៏កំពុងតែសិក្សា និងមើលចិត្តថ្លើមគ្នាផងដែរ ពោលគឺមិនទាន់ជាលក្ខណៈជាគូស្នេហ៍នៅឡើយនោះទេ។

ស្របពេលជាមួយនឹងការមើលចិត្តថ្លើមគ្នា ពិធីករពិធីការិនី បានជជីកសួរកាន់តែស៊ីជម្រៅបន្ថែមទៀត ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ រហូតដល់លោក ណារ៉ុង រ៉ាត់ បង្ហើបកាន់តែច្បាស់ថែមទៀត ពីស្នេហាដែលលោក និងនារីដែលលោកលួចស្រលាញ់នោះ។ លោក ណារ៉ុង រ៉ាត់ បន្តថា ចំពោះស្នេហាគឺរូបលោកផ្ទាល់ គឺមិនចេះនឹងកើតអារម្មណ៍ប្រចណ្ឌផ្ដេសផ្ដាសនោះទេ ប៉ុន្តែបើសិនជាមានអ្នកមកស្និទ្ធស្នាល មិនថាទាំងស្នេហា ឬក៏ត្រឹមតែលួចស្រលាញ់នោះទេ តែបើលោកប្រចណ្ឌ គឺសាហាវតែម្ដង។

លោកថា បើលោកប្រចណ្ឌ គឺលោកចូលចិត្តនៅស្ងៀម លាក់អារម្មណ៍ម្នាក់ឯង ប៉ុន្តែក្នុងចិត្តលោកគឺក្ដៅតែម្ដង ហើយបើសិនជាមានអ្នកទៅរំខានស្របពេលដែលលោកកំពុងមានអារម្មណ៍បែបហ្នឹង គឺច្បាស់ជាត្រូវ ប៉ុន្តែត្រូវនេះ មិនមែនជាលក្ខណៈប្រើហិង្សា ឲ្យប៉ះពាល់ដល់ជីវិតនោះទេ ហើយមនុស្សលោក ក៏មិនចេះរំសាយកំហឹងភ្លាមៗនោះទេ ពោលគឺបើលោកប្រចណ្ឌ ឬខឹងគឺគុំទុក មិនងាយរំសាយនោះទេ។

ដោយឡែក សម្រាប់ចរិតលក្ខណៈមនុស្សស្រីដែលលោក ស្រលាញ់នោះគឺ អាចជួយទុក្ខធុរៈគ្នាបាន ចេះយោគយល់គ្នា ចេះផ្ដល់យោបល់ឲ្យគ្នាទៅវិញទៅមក ជាមនុស្សស្រីដែលរឹងមាំ មិនទន់ជ្រាយ អ្វីដែលសំខាន់នោះគឺ ជាមនុស្សដែលច្បាស់លាស់មិនថា ទាំងរឿងស្នេហាឬការងារនោះទេ ព្រោះរូបលោកគឺជាមនុស្សដែលច្បាស់លាស់។

ពាក់ព័ន្ធនឹងរឿងរ៉ាវគ្រួសារវិញ លោកជាអ្នកខេត្តកំពុងចាម មានបងប្អូនមាន១២នាក់ តែបានបាត់បង់ជីវិត៤នាក់ បច្ចុប្បន្នគឺនៅសល់តែ៨នាក់ ស្រី២នាក់ និងប្រុស៦នាក់ លោកគឺជាកូនពៅ។ ក្នុងចំណោមបងប្អូនទាំងអស់ លោកគឺបានសិក្សាជ្រៅជ្រះជាងគេ ហើយមានតែលោក ម្នាក់ប៉ុណ្ណោះ ដែលមានសមត្ថភាពខាងសិល្បៈ៕