(រីយ៉ាដ)៖ កីឡាករខ្សែប្រយុទ្ធពាក់លេខ១០ Lionel Messi បានជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន សងសឹកសត្រូវចាស់សាំបាប្រេស៊ីល បានសម្រេចវិញ តាមរយៈរកបាន ១គ្រាប់ជ័យជម្នះនៅនាទី១៣ ក្នុងជំនួបមិត្តភាពអន្តរជាតិដែលត្រូវបានធ្វើឡើងនៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីតនាយប់មិញនេះ។

១គ្រាប់របស់កីឡាករវ័យ ៣២ឆ្នាំ Messi ក្នុងលទ្ធផលផ្លូវការដែលក្រុមពពកស អាហ្សង់ទីន យកឈ្នះប្រេស៊ីល ១-០ គឺបានកើតឡើងនៅនាទីទី១៣ ដែលជាគ្រាប់សល់ ក្រោយត្រូវបានកីឡាករចាំទី Alisson ជួយសង្រ្គោះបាន មុនពេល Messi ថែម ១ជើងឆ្វេងចូលតែម្តង ក្រោយពេលខ្សែប្រយុទ្ធ Gabriel Jesus ប៉េណាល់ទីអត់ចូលដូចគ្នានៅនាទីទី១០។

នេះជាការបង្ហាញខ្លួនលើកដំបូងរបស់ខ្សែប្រយុទ្ធមកពីក្លឹប FC Barcelona នៃលីគកំពូលអេស្ប៉ាញ La Liga គិតចាប់តាំងពីបានរួចបម្រាមរយៈពេល ៣ខែរបស់ CONMEBOL និងជាជួយអាហ្សង់ទីនស្តារមុខមាត់ឡើងវិញផងដែរ គិតចាប់ពីពួកគេបានរងបរាជ័យ ២-០ ក្រោមថ្វីជើងរបស់ប្រេស៊ីលនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន Copa America 2019 កាលពីខែកក្កដាកន្លងទៅ។

អ្នកចាត់ការទូទៅ Lionel Scolari នឹងបន្តដឹកនាំកូនក្រុមអាហ្សង់ទីន ជួបប្រកួតទល់នឹងក្រុមខ្លាំងមកពីតំបន់អាមេរិកឡាទីនមួយទៀតគឺ អ៊ុយរ៉ាហ្គាយ ដែលមិត្តរួមក្រុមក្នុងក្លឹប Luis Suarez ជាមួយ Messi នៅរាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាបន្តទៀតដែលនឹងធ្វើឡើងនៅប្រទេសអ៊ីស្រាអែល៕