(ភ្នំពេញ)៖ តារាចម្រៀងរ៉េប លោក ឌីជេ អាចារ្យធំ កំពុងទទួលរងការរិះគន់ខ្លាំងពីសំណាក់មហាជន អ្នកនិយមតាមដានបណ្ដាញសង្គម ក្រោយពីបុរសម្នាក់មានហ្វេសប៊ុកឈ្មោះថា «Oun Vansak» បានចេញមុខទម្លាយថា លោកបានស៊ីដាច់លុយជំនួយ ដែលសប្បុរសជនផ្ដល់តាមរយៈលោក ឌីជេ អាចារ្យធំ ជូនដល់លោកគ្រូ សេរី ដែលជាគ្រូក្បាច់គុនល្បុក្កតោអស់រយៈពេលជាង ២ឆ្នាំមកហើយ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ «Oun Vansak» បានសរសេរសាររៀបរាប់ពាក់ព័ន្ធនឹងលោក ឌីជេ អាចារ្យធំ ថា «សូមគោរពជូនបងអាចារ្យធំ អ្នកស្រឡាញ់វប្បធម៌ ជាទីនឹករឭក លុយជំនួយអ្នកក្រៅប្រទេស ជួយដល់លោកគ្រូសេរី គ្រូក្បាច់គុនល្បុក្កតោ២ឆ្នាំជាងហើយ ដល់ណាហើយបង បើរវល់ខ្លាំង ប្រាប់គ្រួសារខ្ញុំបាន ស្រួលប្រាប់ម្ចាស់ជំនួយវិញ ថែវប្បធម៌បានហើយ កុំថែលុយជំនួយមនុស្សមានអាសន្នទៀត បងអាចារ្យ»

គណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារជាបន្តបន្ទាប់ទៀតថា «ក្រុមគ្រួសារខ្ញុំ អគុណលោកពូ SUONG CHHEAN ដែលថ្ងៃនេះ ឧបត្ថម្ភថវិកាលុយ១០០ដុល្លារ ជួយដល់លោកគ្រូសេរី គ្រូក្បាច់គុនល្បុក្កតោ។ ពូ suong chhean គាត់ធ្លាប់ជួយឧបត្ថម្ភតាមលោកអាចារ្យធំ ១០០ដុល្លារ មកឲ្យលោកគ្រូសេរី ប៉ុន្ដែ ២ឆ្នាំជាងហើយ គាត់ថែរក្សាលុយបានល្អណាស់ ជំនួសលោកគ្រូសេរី និងថវិកាអ្នកផ្សេងទៀត អគុណបងអាចារ្យធំណាស់ លំបាកបងហើយ។ លោកឯងថ្លើមដុះមមីសណាស់ ហ៊ានស៊ីដាច់ លុយជំនួយរបស់គេ ហើយបកស្រាយថា យកទៅជួយអ្នកផ្សេង លោកឯងមានសួរម្ចាស់ជំនួយ តើពួកគាត់ព្រមហើយឬនៅ? លុយជំនួយដែលឮថាសល់ ៤០០ដុល្លារនឹង គ្រួសារសូមខ្ញុំ ឲ្យលោកឯងទូលរែកទៅចុះ យកចុះ ទុកបើកហាងកាហ្វេបន្ថែម»

ម្ចាស់ហ្វេសប៊ុកដដែល សង្កត់ធ្ងន់ថា «ប្រហែលមិនមែនតែគ្រួសារខ្ញុំទេ ដែលលោកស៊ីដាច់លុយជំនួយបែបនេះ ទោះបីគ្រួសារខ្ញុំ រស់នៅខ្ទម ក៏មានក្ដីសុខដែរ ដោយសារមិនបានបោកប្រាសអ្នកណាដូចលោកឯង សូមផ្ដាំដល់អ្នកកាន់ជើងមនុស្សខុស បើរឿងនឹងប៉ះចំគ្រួសារអ្នកឯង បានដឹងឈឺចាប់យ៉ាងណា អូ!​សូមផ្ដាំបងអាចារ្យធំថា ថែរក្សាវប្បធម៌បានហើយ កុំថែរក្សាលុយជំនួយជំនួសគេទៀត»

ដោយឡែក បន្ទាប់ពីមានការចេញមុខហែកហួរគ្មានសល់ ពីសំណាក់ម្ចាស់ហ្វេសប៊ុកឈ្មោះ «Oun Vansak» ពាក់ព័ន្ធរឿងលោក អាចារ្យធំ ស៊ីដាច់លុយជំនួយនោះមកទល់ពេលនេះ គេមិនទាន់ឃើញមានការចេញមុខបកស្រាយ និងការទទួលពីលោកអាចារ្យធំនៅឡើយទេ។ យ៉ាងណាមិញ ការចេញមុខទម្លាយបែបនេះក៏គេមិនទាន់ដឹងដែរថា ជារឿងរ៉ាវពិតឬមួយយ៉ាងណានោះទេ ខណៈដែលភាគីខាងលោកអាចារ្យធំក៏មិនទាន់ចេញមុខបំភ្លឺនៅឡើយ៕