(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស និងសាធារណរដ្ឋឆេក បានដឹកនាំគ្នាឡើងជុំផ្តាច់ព្រ័ត្រវគ្គ ២៤ក្រុមចុងក្រោយ បន្ទាប់ពីបន្ថែម ៣ពិន្ទុរៀងៗខ្លួននាយប់មិញនេះទៀត ក្នុងការប្រកួតលើកទី៧ ជើងទី២ នៃវគ្គសន្សំពិន្ទុប្រចាំពូល A។

ក្រុមម្ចាស់ផ្ទះអង់គ្លេស រកបាន ៣ពិន្ទុដោយស្រួលក្នុងទឹកដីនៃកីឡដ្ឋាន Wembley តាមរយៈបំបាក់ក្រុមភ្ញៀវម៉ុងតេនីក្រូ ៧-០ បន្ថែមលើលទ្ធផល ៥-១ កាលពីជើងទី១ នៅទឹកដីម៉ុងតេនីក្រូ ដើម្បីមាន ១៨ពិន្ទុនាំមុខកំពូលដាច់ ឆ្លងកាត់ ៧ប្រកួត ឈ្នះ៦ និងចាញ់១ មិនដែលស្មើដែលត្រូវធ្វើដំណើរទៅប៉ះក្រុមម្ចាស់ផ្ទះកូសូវ៉ូ នារាត្រីថ្ងៃអាទិត្យដែលជាការប្រកួតបង្រ្គប់កិច្ច ស្របពេលឆេកត្រូវទៅប៉ះបុលហ្គារីផងដែរ។

ក្នុងចំណោម ៧គ្រាប់របស់អង់គ្លេសរកបានដោយកីឡាករជើងស៊ុតមកពីក្លឹប Spurs, Harry Kane ធ្វើបានហែតទ្រីក (៣គ្រាប់) នៅនាទីទី១៨ ២៤ និងនាទី៣៧ និងមិត្តរួមក្រុមមកពីក្លឹប Manchester United, Marcus Rashford រកបាន ១គ្រាប់ដែរនៅនាទី៣០ Alex Oxlade-Chamberlain រកបានគ្រាប់បែកពងមាន់នៅនាទីទី១១ និង Tammy Abraham រកបាន ១គ្រាប់នៅនាទីទី៨៤ និង ១គ្រាប់ own goal របស់ខ្សែការពារម៉ុងតេនីក្រូ Sofranac នៅនាទី៦៦។

ដូចគ្នានោះដែរនាយប់មិញនេះ ក្រុមដែលត្រូវបាន ៣ពិន្ទុដើម្បីឡើងទៅលេង UEFA Euro ឆ្នាំក្រោយ សាធារណរដ្ឋឆេក ក៏បានធ្វើការវាយបកយកជ័យជម្នះ ២-១ បន្ទាប់ពីកោះកូសូវ៉ូបានបើកការនាំមុខ ១គ្រាប់មុននៅនាទីទី៥០ មកនោះ ក្នុងការរកបាន ១៥ពិន្ទុនាំមុខក្រុមលេខ៣ កូសូវ៉ូដែលមានតែ ១១ពិន្ទុ បើទោះបីជាឈ្នះអង់គ្លេសនៅបិទបញ្ចប់ប្រកួតសន្សំពិន្ទុនៃពូល A ចុងសប្តាហ៍នេះក៏ដោយ។

គិតមកទល់ពេលនេះ រកឃើញចំនួន ១០ក្រុមជម្រើសជាតិហើយដែលបានកក់កៅអីទៅជុំផ្តាច់ព្រ័ត្រ UEFA Euro 2020 រួមមាន អង់គ្លេស សាធារណរដ្ឋឆេក អ៊ីតាលី អ៊ុយក្រែន ប៊ែលហ្ស៊ិក រុស្ស៊ី បារាំង អេស្ប៉ាញ ប៉ូឡូញ និងតួកគី មុនការចាប់ផ្តើមជ្រើសរើសពូលដែលនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅប្រទេសរ៉ូម៉ានី៕