(ញូវយ៉ក)៖ លោក Thierry Henry ត្រូវបានក្លឹបបាល់ទាត់អាមេរិក Montreal Impact តែងតាំងជាអ្នកចាត់ការក្រុមថ្មីជាមួយនឹងកិច្ចសន្យារយៈពេល ២ឆ្នាំ ក្នុងលក្ខខណ្ឌអាចបន្តមួយរដូវកាលទៀតនេះ ដែលស្ថិតក្នុងលីគកំពូល Major League Soccer របស់សហរដ្ឋអាមេរិករហូតដល់ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

អតីតអ្នកចាត់ការក្រុម Monaco វ័យ ៤២ឆ្នាំ សញ្ជាតិបារាំងខាងលើនេះត្រូវបាន Montreal Impact ប្រកាសតែងតាំងគ្រូបង្វឹកជាផ្លូវការរបស់ក្លឹបកាលថ្ងៃព្រហស្បតិ៍ ក្រោយទំនេរអត់ការងារធ្វើ បន្ទាប់ពីក្លឹបបារាំង Monaco កាលពីខែមករា ដើមឆ្នាំ២០១៩ នេះហើយលោកក៏ធ្លាប់អតីតកីឡាករនៃក្រុមបាល់ទាត់ New York Red Bulls កាលឆ្នាំ២០១៤ មុនពេលចូលនិវត្តន៍។

អតីតតារាឆ្នើមនៃក្រុម Arsenal លោក Thierry Henry បានលើកឡើងថា «សម្រាប់លីគ MLS ខ្ញុំពិតជាស្គាល់ច្បាស់ព្រោះថា លោកធ្លាប់ប្រវត្តិល្អៗជាច្រើននៅទីនេះ» សម្រាប់ប្រវត្តិរបស់លោក Henry បានចាប់អាជីពបាល់ទាត់កាលឆ្នាំ១៩៩៤ នាទីក្រុម Monaco និងបន្តទៅកាន់ក្លឹប Juventus, Arsenal, Barcelona និង New York Red Bulls និងចាប់ផ្តើមក្លាយជាអ្នកចាត់ការក្លឹបចាប់ពីឆ្នាំ២០១៨ មក៕