(ភ្នំពេញ)៖ ជំនួបប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិគោព្រៃកម្ពុជា និងម៉ុងហ្គោលីបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញនារាត្រីថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

លទ្ធផលនេះ ដូចគ្នាទៅការប្រកួតជម្រុះ World Cup 2022 ពេលដែលកម្ពុជា ប្រកួតទល់នឹងក្រុមជម្រើសជាតិហុងកុង កាលពីខែតុលា ឆ្នាំ២០១៩។

ចាប់ផ្តើមលេងបាន ២១នាទី ក្រុមម្ចាស់ផ្ទះកម្ពុជា បានរបូត ១គ្រាប់ពីការធ្វើបានសម្រេចដោយកីឡាករពាក់លេខ៦ បានស៊ុតផុតដៃអ្នកចាំទីកម្ពុជា កែវ សុខសិលា មុនពេលកីឡាករពាក់លេខ១៤ កែវ សុខផេង ទាត់បាល់ ១១ម៉ែត្រតាមស្មើវិញនៅនាទីទី៣៥ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី។

ការប្រកួតមិត្តភាពអន្តរជាតិនេះដែរ ត្រូវបានធ្វើឡើងមុនពេលកម្ពុជា ត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះហុងកុងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងវគ្គជម្រុះ FIFA World Cup 2022 ជាបន្តទៀត គ្រាដែលហុងកុង ត្រូវប៉ះម្ចាស់ផ្ទះមីយ៉ាន់ម៉ា ក្នុងយុទ្ធនាការខាងលើដូចគ្នា៕