(ភ្នំពេញ)៖ កាន់តែជក់ចិត្តបន្ថែមទៀតសម្រាប់ប្រិយមិត្តនៅកម្ពុជា ដែលជាអ្នកស្នេហា និងគាំទ្រវិស័យកីឡាបាល់ទាត់ ដោយក្រុមហ៊ុន CBS មានកិត្តិយសនាំមកជូននូវការផ្សាយបន្តផ្ទាល់នៃជំនួបរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិហុងកុងនៃការប្រកួតវគ្គ FIFA World Cup Qatar 2022 និងវគ្គជម្រុះ Preliminary Joint Qualification Round 2 នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ម៉ោង ១៨៖៣០ នាទីតទៅ (ម៉ោងនៅកម្ពុជា)។

នេះជាការជួបគ្នាលើកទី២ រវាងក្រុមទាំងពីរក្នុងព្រឹត្តិការណ៍ខាងលើ ដែលកាលពីជើងទី១ កម្ពុជាបានប្រកួតស្មើជាមួយហុងកុង ដោយលទ្ធផល ១-១ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩។ សម្រាប់ជំនួបជើងទី២ នៅថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខនេះ កម្ពុជាបានត្រៀមខ្លួនបានយ៉ាងល្អ ដើម្បីធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះហុងកុង។

ចំពោះកម្ពុជា មុនការប្រកួតផ្លូវការទល់នឹងហុងកុង ក៏បានណាត់ជួបគ្នាជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី នៅថ្ងៃទី១៤ ខែវិច្ឆិកា ដែលជាការប្រកួតមិត្តភាពកម្ដៅសាច់ដុំតែប៉ុណ្ណោះ។ ដោយឡែក ហុងកុងនឹងស្វាគមន៍ក្រុមបារ៉ែន ដែលស្ថិតក្នុងពូល C ជាមួយគ្នា ក្នុងការប្រកួតក្នុងវគ្គជម្រុះ World Cup 2022 ផងដែរនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មុននឹងទទួលក្រុមគោព្រៃកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកានៃសប្តាហ៍ក្រោយ។

ការប្រកួតរវាងកម្ពុជា ទល់នឹងហុងកុង នឹងមានផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN និង Facebook Page: CBS Sport។ ដូច្នេះ សូមប្រិយមិត្តរង់ចាំតាមដានទស្សនាការប្រកួតដ៏ជក់ចិត្តនេះទាំងអស់គ្នា៕