(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ តារាសម្ដែងដែលនិយមយកចិត្តទុកដាក់ នឹងលើកស្ទួយនូវមរតកវប្បធម៌ខ្មែរ កញ្ញា ពេជ្រ ចរណៃ បានបង្ហោះនូវពាក្យពេចន៍ យ៉ាងក្ដុកក្ដួល បង្កប់ដោយអត្ថន័យ ភ្ជាប់ជាមួយនឹងសិល្បៈល្ខោនខោលខ្មែរ ក៏ដូចជាស្នើដល់ប្រជាជនខ្មែរ ចូលរួមឈឺឆ្អាល និងរួមគ្នាថែរក្សា ក៏ដូចជាលើកស្ទួយ នូវមរតកវប្បធម៌ខ្មែរ ជាជាងយកពេលទៅតាមដានរឿង តារាហែកហួរគ្នាតាមបណ្ដាញសង្គមពោលគឺល្ខោនខោលខ្មែរ ដែលដូនតាលោកបានបន្សល់ទុក ជាកេរ្តិ៍ដំណែល សម្រាប់ឲ្យកូនចៅជំនាន់ក្រោយ ថែរក្សានិងអភិរក្សឲ្យបានគង់វង្ស កុំឲ្យប្រទេសដទៃ ដែលគ្មានអរិយធម៌ច្បាស់លាស់ លួចយកមរតកវប្បធម៌ខ្មែរ ទៅធ្វើជាកម្មសិទ្ធរបស់ប្រទេសខ្លួន។

យោងតាមគណនីហ្វេសប៊ុក របស់តារាសម្ដែងរូបនេះ បានបង្ហោះសារថា «សូមជួយខ្វាយខ្វល់ ឈឺឆ្អាល រឿងនេះផង បើរឿងវប្បធម៌ល្បីដូចរឿង ប្រលែងក្រពើ រឿងតារាជេហែកហួរគ្នាតាមហ្វេសប៊ុកនោះ វប្បធម៌មួយនេះនឹងឧដុង្គឧត្ដម..កូនខ្មែរគ្រប់រូបគួរតែ មានកាចូលរួមឈឺឆ្អាលរឿង ថែរក្សា ការពារ លើកស្ទួយ និងកែច្នៃ វប្បធម៌ខ្មែរ ទាំងអស់គ្នា មិនមែនជារបស់ខ្ញុំតែម្នាក់ ហើយក៏មិនមែនជារបស់ក្រុមណាផ្ដាច់មុខដែរ តែជារបស់ខ្មែរមួយ(នគរ)..ដឹងទេ? ថាគេទៅមុខកាន់តែឆ្ងាយហើយ? ថៃជាប្រទេសដែលមិនមាន អរិយធម៌ វប្បធម៌ ច្បាស់លាស់ ក្លាយជាប្រទេសដែលបានប្រឹងតុបតែង ចងក្រង កែច្នៃ មិនយូរ គេនឹងក្លាយជាម្ចាស់ យើងច្បាស់ក្លាយជាអ្នកចម្លងពីគេទៅវិញ»

ស្រីស្អាត ពេជ្រ ចរណៃ បន្តទៀតថា «ជាក់ស្តែង បងប្អូនដឹងទេ? ក្រុមការងារ ទិវាបេតិកភណ្ឌ កំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីព្រឹត្តិការណ៍ការសម្តែងល្ខោនខោល នាឆ្នាំ២០២០ខាងមុខ ក្នុងការលើកមុខមាត់សិល្បៈ និងសម្បត្តិវប្បធម៌ជាតិខ្មែរយើងតែ ក្រុមនកាងានៅខ្វះថវិកាសម្រាប់ឈុតតួរ មេទ័ពស្វា១០ឈុតទៀត ដូចនេះក្រុមការងារបានឌីសាញ អាវយឺត ដែលមាននៅក្នុងរូបនេះ លក់ ដើម្បីទ្រងទ្រង់ អាវមួយតំលៃតែ ១០០០០រៀលទេ.. ពួកយើងកំពុងខិតខំហើយ នៅចាំតែការចូលរួមឧបត្ថមគាំទ្រ ពីបងប្អូនមហាគ្រួសារខ្មែរប៉ុណ្ណោះ។ នាងខ្ញុំ ពេជ្រ ចរណៃ លើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នា ចូលរួមទិញអាវនេះម្នាក់មួយ ដូចបានចូលរួមផ្សព្វផ្សាយនឹងលើកស្ទួយល្ខោនខោលខ្មែរ តោះៗចូលរួមក្នុងនាមជាម្ចាស់កេរមរតកដូនតាយើង»

ពេជ្រ ចរណៃ បញ្ជាក់ថា ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រល្ខោនខោលខ្មែរ ក្នុងកម្មវិធីទិវាបេតិកភណ្ឌលើកទី៥ ក្រោមប្រធានបទ «ល្ខោនខោលមរតកជាតិខ្មែរ» ក្នុងគោលបំណងដើម្បីអបអរសាទរខួប២ឆ្នាំ ល្ខោនខោលខ្មែរ អបអរសាទរខួប៤ឆ្នាំចាប៉ីដងវែងខ្មែរ អបអរសាទរខួប១៥ឆ្នាំល្ខោនស្រមោលស្បែកធំ អបអរសាទរខួប១៧ឆ្នាំ របាំព្រះរាជទ្រព្យចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិដោយអង្គការ UNESCO ។ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យនាថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២០៕