(ភ្នំពេញ)៖ ខណៈ ប្រឡូកក្មុងអាជីពជាតន្ត្រីករ និង ជាតារាចម្រៀង ក្នុងវង់អកកេស លោក គឹម ចាន់រតនា និង អ្នកស្រី ជិន វណ្ណារី មិនមានឱកាសដណ្ដើមបានកេរ្តិ៍ឈ្មោះ បោះសំឡេងនោះទេ។ យ៉ាងណាមិញ ក្រោយពេលអ្នកសិល្បៈមួយគូនេះបោះបង់ ហើយក្លាយខ្លួនជាអ្នកជំនួញ ក៏ប្រញាប់ហក់ចូលជាថ្មី បើទោះមិនត្រូវការរកចំណូល ពីសិល្បៈដូចធ្លាប់ប្រឡូក។

មានការចុះផ្សាយជាហូរហែ មកហើយ ថា ម្ចាស់ជំនួញដីធ្លី លោក គឹម ចាន់រតនា គឺជាអតីតតន្ត្រីករ ខណៈដែលអ្នកស្រី ជិន វណ្ណារី ជាភរិយា ក៏ជាអ្នកចម្រៀងនៅក្នុងពេលនោះ។ អ្នកទាំងពីរតស៊ូ ក្នុងអាជីពសិល្បៈយ៉ាងលំបាកទម្រាំក្លាយខ្លួន ជាអ្នកជំនួញដីធ្លីនាពេលចុងក្រោយ។ អ្វីដែលកាន់តែកត់សម្គាល់ គ្រាន់តែមានឱកាសកែប្រែជីវភាពក្នុងនាម ជាថៅកែដីភ្លាម អតីតតារាសិល្បៈជាប្ដីប្រពន្ធមួយគូនេះ ក៏ដំណើរការផលិតកម្មចម្រៀងមួយ ដើម្បីឲ្យតារាក្មេងៗមួយចំនួន បានបញ្ចេញសំលេង និងបានផលិតបទចម្រៀងជាសំនៀងរបស់ខ្លួន ជាហូរហែ ដើម្បីរំឭកអាជីពសិល្បៈ ដែលអ្នកទាំងពីរប្រាប់ថា គឺជាស្ពានចម្លងជីវិតក្នុងគ្រាក្រ។ ជាក់ស្ដែងក្រោយពីអន្ទងចិត្តមហាជន ឲ្យឃើញពីការប្រឹងប្រែងក្នុងសិល្បៈតាមរយៈបទ «ទំនួញអកឈ្មោល» លោក គឹម ចាន់រតនា ក៏បញ្ចេញបទ «អូនកូនអ្នកណា?» ដោយជ្រើសយកភរិយាជាតួសម្ដែង ។

តន្ត្រីកររូបនេះ បញ្ជាក់ថា លោកផលិតបទចម្រៀងដោយបកស្រាយសំនៀងខ្លួនឯង ដោយសារតែស្រឡាញ់អាជីពចម្រៀង និងចង់ផលិតបទដែលលោកស្រឡាញ់ ទុកជាអនុស្សាវរីយ៍ប៉ុណ្ណោះ។ ទើបខណៈម្ចាស់សំនៀងភាគច្រើន ជ្រើសយកតារាល្បីៗ ឲ្យជួយសម្ដែង ដើម្បីលើកមុខ MV សម្រាប់លោកគឺរើសភរិយាខ្លួនឯងតែម្ដង ដើម្បីសម្ដែងក្នុងបទរបស់លោក ទុកគ្រាន់ចែកកូនមើលលេង និងទុកជាវីដេអូអនុស្សាវរីយ៍ជាមួយភរិយា។

លោកថា កាលពីនៅប្រឡូកសិល្បៈ លោកគ្រាន់តែជាអ្នកលេងភ្លេងប៉ុណ្ណោះ ចំណែកភរិយាទើបជាអ្នកចម្រៀងអាជីព។ លោក និងភរិយា គម្រោងចេញបទបកស្រាយរួមគ្នា ក្រោយពីចេញបទ «អូនកូនអ្នកណា» ដែលជាបទសារ៉ាវ៉ាន់ សម្រាប់អបអរបុណ្យអុំទូកនេះផង។

គួរបញ្ជាក់ថា លោក គឹម ចាន់រតនា គឺជាអតីតតន្ត្រីករ ខណៈភរិយាគឺជាអ្នកចម្រៀងក្នុងវង់អកកេសមួយ កាលពីប្រមាណ១០ឆ្នាំ ដោយសូម្បីតែឈ្នួលបង់ផ្ទះ ក៏ស៊ឹងមិនចង់មាន។ បច្ចុប្បន្នលោក និងភរិយា គឺជាម្ចាស់ក្រុមហ៊ុន LYK គឹមចាន់រតនា ហ្សាណា ដែលមានគម្រោងដីពុះឡូតិ៍ធំៗជាច្រើនគម្រោង ប្រកាស លក់នៅស្រុកគងពិសី ក្នុងខេត្តកំពង់ស្ពឺ៕